(ភ្នំពេញ)៖ កីឡដ្ឋានបាល់ទាត់ដ៏ប្រណីតជាលើកដំបូងនៅកម្ពុជា ដែលមានតម្លៃប្រមាណ ១៥៧លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋាន សាងសង់ ខណៈដែលមណ្ឌលកីឡាហែលទឹក កីឡាបាល់ទះ បាល់បោះ កន្លែងហ្វឹកហាត់ និងស្នាក់នៅរបស់អត្តពលិក ត្រូវបានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ផងដែរ។
ពិធីបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ និងសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលកីឡាហែលទឹក មណ្ឌលកីឡាបាល់ទះ បាល់បោះ កន្លែងហ្វឹកហាត់ ក៏ដូចជាកន្លែងស្នាក់នៅរបស់អត្តពលិក ដែលពោរពេញដោយប្រណីតភាព និងមានកម្រិតបទដ្ឋានអន្តរជាតិនៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ត្រូវបានធ្វើឡើងក្រោមអធិបភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងថា កីឡដ្ឋានបាល់ទាត់ ដែលបើកការដ្ឋានសាងសង់ព្រឹកមិញនេះ នឹងត្រូវសាងសង់ឡើងលើផ្ទៃដីជាង ១៦ហិកតា ដោយអាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦ម៉ឺននាក់។ ក្រៅពីការប្រកួតបាល់ទាត់កីឡដ្ឋាននេះ ក៏នឹងប្រើប្រាស់ជាទីលានប្រកួតកីឡាបាល់ឱប និងកីឡាអត្តពលកម្មផងដែរ។
កាន់តែពិសេស កីឡដ្ឋានបាល់ទាត់ដ៏ធំនេះ ត្រូវបានសាងសង់ឡើងដោយបានគិតគូរយ៉ាងសំខាន់ដល់ការជួយសង្រ្គោះប្រជាពលរដ្ឋ ពេលកើតមានបញ្ហាជាយថាហេតុណាមួយនោះ ពោលកីឡដ្ឋានបាល់ទាត់នេះមានច្រកសុវត្ថិភាពយ៉ាងច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ។
កីឡដ្ឋានបាល់ទាត់ ដែលសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ត្រូវបានរចនាឡើងដោយយកសំពៅធ្វើជាគំនិតនៃការ រចនាដោយបង្ហាញពីទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា-ចិន ដែលបានកើតមានតាំងពីបុរាណកាល ហើយបានឈានមក ដល់ចំណុចកំពូល នាពេលថ្មីៗនេះ។
ដោយឡែកមជ្ឈមណ្ឌលហែលទឹក មជ្ឈមណ្ឌលកីឡាបាល់ទះ បាល់បោះ កន្លែងហ្វឹកហាត់ និងកន្លែងស្នាក់នៅរបស់អត្តពលិក ដែលបើកសម្ពោធនាព្រឹកមិញនេះ ក៏មានភាពទំនើប និងប្រណីតផងដែរ ដោយអាចផ្ទុកអ្នកទស្សនាបានរាប់ពាន់នាក់។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងលោក ស្យុង ព័រ ឯកអគ្គរដ្ឋទូតចិន សុទ្ធតែបានសម្តែងការរីករាយចំពោះវត្តមាន កីឡដ្ឋានបាល់ទាត់ ក៏ដូចជាមណ្ឌលកីឡានានានៅក្នុង «ពហុកីឡដ្ឋានជាតិមរតកតេជោ» ព្រោះវាបានបង្ហាញនូវការរីកចម្រើនវិស័យ កីឡានៅកម្ពុជា ហើយក៏ជាសមិទ្ធផលមួយបង្ហាញពីចំណងទំនាក់ទំនងកាន់តែរឹងមាំរវាងកម្ពុជា-ចិន។
លោកឯកអគ្គរដ្ឋទូតចិន បានថ្លែងថា ជំនួយដែលចិនបានផ្តល់សម្រាប់ការសាងសង់កីឡដ្ឋានបាល់ទាត់នៅកម្ពុជា គឺជាជំនួយដែលមាន ទំហំទឹកប្រាក់ច្រើនជាងគេ ក្នុងចំណោមជំនួយដែលចិនបានជួយទៅកាន់ប្រទេសដទៃទៀត។ លោក ស្យុង ព័រ បានថ្លែងទៀតថា តាមកីឡាដ្ឋាន កម្រិតស្តង់ដារអន្តរជាតិនេះ នឹងផ្តល់លទ្ធភាពឲ្យកម្ពុជាក្នុងការរៀបចំការប្រកួតលំដាប់អន្តរជាតិនានា ហើយក៏ជួយឲ្យល្បីរន្ទឺតាមរយៈ កីឡាលើឆាកអន្តរជាតិផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលសម្រាប់បម្រើលើវិស័យកីឡាដ៏ថ្មីសន្លាងនេះ គឺបានកើតឡើងក្រោមដំបូលសន្តិភាព ដែលកម្ពុជា បានរកមកបានដោយលំបាក។ សម្តេចបានទទូចដល់ប្រជាពលរដ្ឋខ្មែររួមគ្នារក្សានូវសុខសន្តិភាព ក៏ដូចជាសមិទ្ធផល ដែល រកមកបាន់ដោយលំបាកនេះ។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «សម្រាប់កម្ពុជាឆ្លងកាត់នូវសង្រ្គាម យើងបាត់បង់។ មិនត្រឹមតែមិនបានសម្រេចនូវបំនងប្រាថ្នា របស់ខ្លួនទេ ដែលក្នុងទសវត្សរ៍៦០ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះអង្គក៏បានធ្វើឲ្យវិស័យកីឡា យើងរីកលូតលាស់ឡើង ប៉ុន្តែវាបានបាត់បង់ត្រឡប់ទៅវិញនៅពេលប្រទេសរបស់យើងមានសង្រ្គាម។ យើងបានប្រឹងឈានឡើងបន្តិចម្តងៗ ឥឡូវគ្រប់ទីកន្លែងទាំងអស់សុទ្ធតែមានតម្រូវការផ្នែកកីឡា ដោយសារតែប្រទេសរបស់យើង បានបញ្ចប់សង្រ្គាម បញ្ចប់នូវស្ថានភាពប្រទេសមួយ មានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសមួយមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ»។
សម្តេចតេជោ បន្តថា «ដូច្នេះហើយបានជាយើងទាំងអស់គ្នាត្រូវខិតខំក្តាប់ឲ្យជាប់ និងរក្សាឲ្យបាននូវសន្តិភាព ដែលយើងរកបានដោយលំបាកលំបិន»។
ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក... ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើងសម្រាប់ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាត្រូវទទួលភារៈធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមចំនួនបីដងមកហើយ គឺនៅឆ្នាំ១៩៦៣ ទសវត្សរ៍ឆ្នាំ៩០ និងម្តងទៀតនៅឆ្នាំ២០០០ តែដោយសារភ្លើងសង្រ្គាម និងការខ្វះលទ្ធភាពក្នុងការរៀបចំនោះ កម្ពុជាក៏សុំពន្យារពេលទៅវិញ។
ពាក់ព័ន្ធនឹងការខកខានក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីសហ្គេមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកីឡាករ កីឡាការិនីខ្មែ។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ការខកខាននេះ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ត្រូវបានបំផ្លាញដោយសារភ្លើងសង្រ្គាម ហើយមួយវិញទៀត ដោយសារតែកម្ពុជាត្រូវការថវិកាសម្រាប់យកទៅអភិវឌ្ឍន៍ លើវិស័យផ្សេងៗទៀត។
ក្នុងពិធីនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់កីឡាការ កីឡាការិនី និងអត្តពលិកកម្ពុជាទាំងអស់ ត្រូវប្រឹងប្រែង ហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។ សម្តេចតេជោ លើកឡើងថា បើកម្ពុជា មានកន្លែងហ្វឹកហាត់ ល្អ តែគ្មានការប្រឹងប្រែង ក៏មិនអាចមានសមត្ថភាពខ្លាំងបាននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេចាត់ចាត់ទុកថា មិនត្រឹមតែជាមេដឹកនាំប្រទេស ដែលបានប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីក ចម្រើន និងរក្សាបាននូវស្ថិរភាព សុខសន្តិភាពនោះទេ តែសម្តេចក៏បានយកចិត្តទុកដាក់អភិវឌ្ឍន៍វិស័យកីឡាឲ្យបានវិវឌ្ឍន៍មករកភាពល្អ ប្រសើរ និងលិចធ្លោរផងដែរនាពេលបច្ចុប្បន្ននេះ។
ដោយមើលឃើញពីការប្រឹងប្រែងអភិវឌ្ឍន៍លើវិស័យកីឡានេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានសម្រេចប្រគល់ពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» (IOC President’s Trophy) ជូនសម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកពានរង្វាន់នោះថា ជាមោទនភាពមួយសម្រាប់ជាតិកម្ពុជា ដែលធ្លាប់តែរងនូវភាព ខ្ទេចខ្ទាំដោយសារតែភ្លើងសង្រ្គាមនោះ៕