(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ប្រាប់សាធារណជនថា ទោះថ្ងៃទី០៤ ខែមេសា មិនមែនជាថ្ងៃកំណើតពិត តែជាថ្ងៃកំណើតផ្លូវការ និងថ្ងៃបម្រើការងារពិត។ សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ថ្ងៃទី០៤ ខែមេសា មិនមែនជាឆ្នាំ កំណើតពិតប្រាកដ របស់សម្តេចតេជោនោះទេតែវា ជាការថ្ងៃខែដែលសម្តេច បានផ្លាស់ប្តូរជីវភាពពីជនស៊ីវិល ទៅជាកងកម្លាំងប្រដាប់អាវុធតស៊ូក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ប្រឆាំងការធ្វើរដ្ឋប្រហារ របស់លោកសេនាប្រមុខ លន់ នល់ ១៨ មីនា ១៩៧០។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ថ្ងៃនេះថ្ងៃទី០៤ ខែមេសា ក៏មានការជូនពរដល់រូបខ្ញុំ ឯកឧត្តម ថោង ខុន ក៏បានជូនពរ ប៉ុន្តែខ្ញុំគួរតែបញ្ជាក់បន្តិច មុននឹងនិយាយទៅដល់វិស័យកីឡា មុននឹងនិយាយទៅដល់រឿងនេះ​ តាមពិតថ្ងៃនេះ មិនមែនជាថ្ងៃកំណើត ពិតប្រាកដរបស់ខ្ញុំនោះទេ តែងវាជាថ្ងៃចាប់ផ្តើមនៃការផ្លាស់ប្តូរជីវភាពពីជនស៊ីវិល ទៅកាន់ក្របខណ្ឌជាអ្នកចូលរួមរំដោះជាតិក្រោយពីរដ្ឋប្រហារ១៨ មីនា ១៩៧០ ទំលាក់សម្តេច ព្រះនរោត្តម សីហនុ ដែលបង្កើតឡើងនូវសង្រ្គាម ការឈ្លានពានរបស់បរទេស នៅពេលនោះ ខ្ញុំមិនបាន​ចាំនូវថ្ងៃខែ ខ្ញុំកើតនោះទេ តែចាំច្បាស់គឺ ថ្ងៃក៏មិនចាំ ខែក៏មិនចាំ ឆ្នាំក៏មិនចាំ។ ថ្ងៃទី០៤នេះ យុវជនប្រមាណជា៤០០នាក់ បានចូលទៅកាន់ព្រៃមាគី ដែលមានការចុះឈ្មោះយុវជនកើតថ្ងៃអី ខែអី ចឹងមិនដឹងយកថ្ងៃអី ខែអីក៏យកថ្ងៃទី០៤ហ្នឹង ពីព្រោះចូលថ្ងៃ៤ ខែ៤ ឆ្នាំ១៩៧០ ចឹងយកថ្ងៃទីថ្ងៃ៤ ខែ៤ ឆ្នាំ១៩៥២ជាថ្ងៃកំណើតតែម្តង»។

បើតាមសម្តេចតេជោ ហ៊ុន សែន ថ្ងៃកំណើតពិតរបស់សម្តេច គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ សម្តេចតេជោ ហ៊ុន សែនបាន ថ្លែងថា បើទោះបីថ្ងៃ០៤ ខែមេសា មិនមែនជាថ្ងៃកំណើត តែសម្តេចតែងតែយកថ្ងៃនេះ ដើម្បីសម្ពោធនូវសមិទ្ធផលនានា។ យ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដែលបានជូនពរដល់សម្តេច នៅថ្ងៃខួបកំណើតនេះទោះមិនមែនជាកំណើតពិត តែជាថ្ងៃកំណើតផ្លូវការ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖