(តាកែវ)៖ ខណៈកំពុងចុះត្រួតពិនិត្យទំនិញផលិតផល ក្នុងកន្លែងតាំងពិព័រណ៌ផលិតផលមួយ នៅទីរួមខេត្តតាកែវ មន្រ្តីកាំកុងត្រូលខេត្ត បានរកឃើញភាពមិនប្រក្រតីមួយចំនួន តែបានណែនាំឲ្យអនុវត្តឲ្យបានត្រឹមត្រូវឡើងវិញ មិនប្រក្រតីដោយសារទំនិញ ដែលវេចខ្ចប់ ដាក់ក្នុងបាវធំៗ មានស្លាកសញ្ញាត្រឹមត្រូវ ប៉ុន្តែកញ្ចប់តូចៗ បែរជាគ្មានស្លាកសញ្ញាច្បាស់លាស់ទៅវិញ។
សកម្មភាពចុះត្រួតពិនិត្យទំនិញនេះ ដឹកនាំដោយលោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ ក្នុងនោះកម្លាំងបាន ធ្វើការណែនាំ ឲ្យម្ចាស់អាជីវករមួយចំនួន ដែលបាននាំទំនិញយកមកដាក់លក់ ត្រូវវេចខ្ចប់ឲ្យបានត្រឹមត្រូវ ត្រូវមានស្លាកសញ្ញាសម្គាល់ និងត្រូវបិទកាលបរិច្ឆេទឲ្យបានច្បាស់លាស់។
លោក ប៉ោ លាងគង់ បានឲ្យដឹងថា «នៅក្នុងការចុះត្រួតពិនិត្យនេះ កម្លាំងមន្រ្តីបានចុះធ្វើការត្រួតពិនិត្យ មើលការចរាចរណ៍ទំនិញ ដែលវេចខ្ចប់ ដោយឃើញមានទំនិញដាក់បាវធំៗ មានស្លាកសញ្ញាត្រឹមត្រូវ ក៏ប៉ុន្តែនៅពេលគេបែងចែកជាកញ្ចប់តូចៗ គឺមិនមានស្លាក សញ្ញាច្បាស់លាស់នោះទេ»។
ឆ្លើយតបនឹងបញ្ហានេះ មន្រ្តីជំនាញកាំកុងត្រូល បានណែនាំឲ្យម្ចាស់អាជីវករទាំងអស់ ត្រូវដាក់ស្លាកសញ្ញា និងបិទកាលបរិច្ឆេទប្រើប្រាស់ ឲ្យបានច្បាស់លាស់ ទោះក្នុងកញ្ចប់តូចៗក៏ដោយ។ លោកថា ទំនិញដែលដាក់លក់ក្នុងពិព័រណ៍ទាំងអស់ អនុញ្ញាតឲ្យលក់តែនៅក្នុងការ តាំងពិព័រណ៍នេះតែប៉ុណ្ណោះ ដោយឡែក ទំនិញទាំងអស់ដែលនៅសល់ កម្លាំងកាំកុងត្រូលមិនអនុញ្ញាតឲ្យយកទៅលក់ នៅលើទីផ្សារ ខាងក្រៅនោះទេ។
បើតាមលោក ប៉ោ លាងគង់ ការចុះត្រួតពិនិត្យនេះ កម្លាំងមន្រ្តីរបស់លោក ក៏បានធ្វើតេស្តបឋម ទៅលើប្រហិត បង្គា មឹក និងសរសៃ គុយទាវ ដើម្បីស្វែងរកសាធាតុគីមីហ្វមីលីន និងបូរ៉ាក់ផងដែរ ក៏ប៉ុន្តែជាលទ្ធផល កម្លាំងមន្រ្តីរបស់លោក មិនបានរកឃើញសារធាតុ គីមីទាំងនោះទេ៕