(រតនគិរី)៖ យុវជនស្ម័គ្រចិត្តមជ្ឈមណ្ឌលយុវជនទូទាំងប្រទេស នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ បានទៅទស្សនកិច្ចសិក្សា នៅខេត្តរតនគិរី ក្រោមប្រធានបទ «ការងារសហគមន៍ និងបរិស្ថាន»។ ក្រុមយុជនទាំងនេះ ត្រូវបានទទួលស្វាគមន៍ពីលោក ណុះ ស្លេះ អនុរដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីលោក តាំង សុផាណារ័ត្ន ប្រធាននាយកដ្ឋានមជ្ឈមណ្ឌលយុវជនស្ម័គ្រចិត្ត និងលោកស្រី កែវ សាវឿន តំណាងលោក ថង សាវុន អភិបាលខេត្តរតនគិរី ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទផងដែរ។
លោក ណុះ ស្លេះ បានសម្តែងនូវមនោសញ្ចេតនារីករាយក្នុងកម្មវិធី បើកដំណើរទស្សនកិច្ចសិក្សាយុវជនស្ម័គ្រចិត្តក្រោមប្រធានបទ «ការងារសហគមន៍ និងបរិស្ថាន» ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីឲ្យមានការជួបជុំគ្នា រវាងយុវជនស្ម័គ្រចិត្តក្នុងបុព្វហេតុបង្កឱកាសបាន ទទួលនូវបទពិសោធន៍លើការងារស្ម័គ្រចិត្ត ពីគ្នាទៅវិញទៅមក ព្រមទាំងបានស្វែងយល់កាន់តែច្បាស់ពីវប្បធម៌ សម្បត្តិធម្មជាតិ និងកេរ្តិ៍មរតកដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើដែនដីក្រហមមួយនេះ។
លោក ណុះ ស្លេះ បានថ្លែងអំណរគុណចំពោះលោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរអប់រំយុវជន និងកីឡា អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងអង្គភាពពាក់ព័ន្ធ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រ ដំណើរទស្សនកិច្ចសិក្សានេះ ដើម្បីផ្តល់នូវការលើកទឹកចិត្ត ដល់យុវជនស្ម័គ្រចិត្តទាំងអស់ដែលជានិច្ចជាកាល តែងតែចូលរួមក្នុងការងារសង្គមដោយមិនខ្លាចនឿយហត់ ឬទាមទារថវិកានោះឡើយ។
ដើម្បីឆ្លើយតបទៅក្នុងពិធីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ លោកស្រី កែវ សាវឿន បានសង្កត់ធ្ងន់ថា គោលបំណងកំណែទម្រង់វិស័យអប់រំ ប្រកបដោយគុណភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណត្តិទី៥ដំណាក់កាលទី៣ នៃយុទ្ធសាស្ត្រចុតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ជាលទ្ធផល ពិតជាទទួលបាននូវធនធានមនុស្ស ប្រកបដោយគុណភាពស្របទៅ និងការអនុវត្តន៍ប្រទេសជាតិនាពេលអនាគតជាមិនខាន។
លោកស្រីអភិបាលរងខេត្ត បានបន្តថា ទាំងនេះមិនអាចកាត់ផ្តាច់ពីការចូលរួមគាំទ្រគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល សហគមន៍ជាតិ អន្តរជាតិ អាជ្ញាធរដែនដី សាលារៀន គ្រួសារ សប្បុរសជន និងដៃគូរអភិឌ្ឍន៍យ៉ាងសកម្មនៅខេត្តរតនគិរី និងក្នុងប្រទេសទាំងមូល។
លោកថា «នេះសបញ្ជាក់ឲ្យឃើញថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងនោះវិស័យយុវជនជាកម្លាំងស្នូល ជាអ្នកបន្តវេន ថែរក្សាវប្បធម៌ និងជាសរសរទ្រុង ប្របកដោយសក្តានុពល មិនអាចខ្វះបានរបស់ប្រទេសជាតិ»៕