(ភ្នំពេញ)៖ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ថា នៅកម្ពុជាមានអ្នកជាវស៉ីមកាតទូរស័ព្ទចល័តទាំងអស់ជិត២០លាននាក់ ខណៈអ្នកប្រើប្រាស់ Internet មានជាង៨លាននាក់។
ការថ្លែងបែបនេះ របស់លោករដ្ឋមន្ដ្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ក្នុងពិធីបើកសន្និបាទបូកសរុបការងារឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។
លោករដ្ឋមន្ដ្រីបានឲ្យដឹងថា «គិតមកត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ អត្រាអ្នកជាវស៊ីមកាតទូរស័ព្ទចល័តកើនឡើងជាង១៩,៩១៥,០០០នាក់ ដោយមានអត្រាចំនួន១២៧.៤៥ ក្នុងប្រជាជន១០០នាក់ ចំណែកឯអ្នកប្រើបា្រស់អ៊ីនធឺណេតកើនឡើងជាង៨,០៩៩,០០០នាក់ ស្មើនឹងអត្រា៥១.៨២ ក្នុងប្រជាពលរដ្ឋចំនួន១០០នាក់»។
លោកបន្ដទៀតថា ដើម្បីវិស័យទូរគមនាគមន៍កម្ពុជាមានការរីកម្រើន ទូរគមនាគមន៍កម្ពុជា បានប្រើប្រាស់កម្ចី និងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក មានប្រវែង២៩,៨០០គីឡូម៉ែត្រ ស្មើនឹងទឹកប្រាក់ចំនួន១៤៣លានដុល្លារអាមេរិក ក្នុងនោះទូរគមនាគមន៍កម្ពុជាមានប្រវែង១,៩៣៧គីឡូម៉ែត្រ, ក្រុមហ៊ុន CFON ប្រវែង៨,០៣១គីឡូម៉ែត្រ និងក្រុមហ៊ុន Vettel ប្រវែង១៧,២០០គីឡូម៉ែត្រ ត្រូវបានពង្រីកវិសាលភាព គ្របដណ្ដប់ទូទាំងប្រទេស និងបានតភ្ជាប់ជាមួយប្រទេសជិតខាង ឡាវ វៀតណាម និងថៃ និងត្រូវតភ្ជាប់ខ្សែកាបអុបទិកក្រោមបាត់សមុទ្រផងដែរ។
សូមជម្រាបថា ប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ កំពុងប្រតិបត្តិការនៅកម្ពុជារួមមាន៖ ប្រតិបត្តិករទូរស័ព្ទចល័តមានចំនួន៦ រួមមានក្រុមហ៊ុន Cellcard, Smart, Metfone, Cooltel, qb និង Seatel, ប្រតិបត្តិករទូរស័ព្ទអចល័តមានចំនួន៨ ក្នុងនោះប្រតិបត្តិករអចល័តមានខ្សែចំនួន៣។ ប្រតិបត្តិករអ៉ីនធឺណេតចល័តមានចំនួន៦ និងប្រតិបត្តិករអ៉ីនធឺណេតអចល័តមានចំនួន៣៥៕