(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីងបាន ប្រកាសផ្តល់ជំនួយឥតសំណងដល់សម្តេចក្នុងទំហំទឹកប្រាក់ ១៥៧លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជាសម្រាប់ សាងសង់ កីឡាដ្ឋានបាល់ទាត់ ហើយនេះជាការផ្តល់ជំនួយធំជាងគេដល់បរទេស ដែលមិនធ្លាប់មានពីមុនមក។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្លង់សាងសង់ពហុកីឡដ្ឋាន ជាតិមរតកសម្តេចតេជោនេះ ត្រូវបានជ្រើសរើស ដោយ សម្តេចផ្ទាល់។សម្តេចតេជោ បន្តថា ពហុកីឡដ្ឋាន ដែលសាងសង់ឡើងដោយមានរូបរាង ជាសំពៅនេះ គឺបង្ហាញពី ទំនាក់ទំនងដ៏យូរលង់របស់កម្ពុជា និងចិន។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា មួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ។
មានប្រសាសន៍ឲ្យដឹង នៅក្នុងកម្មវិធីនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ យើងនឹងបើកការដ្ឋានដើម្បីសាងសង់កីឡាដ្ឋានដ៏ធំ ដែលជាហិរញ្ញាប្បទាន ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋចិនឯកឧត្តមប្រធានាធិបតី ហ្ស៊ី ជិនពីង នៅក្នុងជំនួបជាមួយខ្ញុំបានប្រកាសផ្តល់ជូនជាអំណោយ ជាជំនួយឥតសំណងសម្រាប់ពហុកីឡាដ្ឋានរបស់កម្ពុជា ដែលភាគច្រើនពាក់ព័ន្ធជាមួយនឹងថ្នាក់កីឡាបាល់ទាត់ ហើយដែលស្ថាបត្យកម្ម និងការរៀបចំទាំងអស់នេះ ឯកឧត្តមអគ្គរដ្ឋទូតនៃសាធារណរដ្ឋចិន ក៏បានលើកអំបាញ់មិញរួចហើយថា នេះជាការផ្តល់ជំនួយធំជាងគេដល់បរទេស ដែលមិនធ្លាប់មានពីមុនមក តាមរយៈឯកឧត្តមអគ្គរដ្ឋទូតខ្ញុំសូមផ្ញើជូននូវការអរគុណដល់ឯកឧត្តម ប្រធានាធិបតី ហ្ស៊ី ជិនពីង ឯកឧត្តម នាយកដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ គណបក្សកុំម្មុយនីសចិន ដែលបានឧបត្ថម្ភគាំទ្រដល់វិស័យកីឡានៅកម្ពុជា ដែលនេះជាផ្នែកមួយនៃទំនាក់ទំនងខាងវប្បធម៌ និងកីឡារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋចិន នៅក្នុងក្របខណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ»។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋខ្មែរនឹងរីករាយសាទរចំពោះ សមិទ្ធផលថ្មី «ពហុកីឡដ្ឋានមរតកតេជោ» មានតម្លៃប្រមាណ ១៥៧លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីជាង ៨០ហិកតានៅកម្ពុជានេះផងដែរ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖