(ភ្នំពេញ)៖ ដើម្បីផ្សារភ្ជាប់ដោយមនោសញ្ចេតនា ស្រឡាញ់ជ្រាលជ្រៅ រាប់អានរវាងមនុស្សចាស់ ជនពិការ បេក្ខភាពក្រុមប្រឹក្សាសង្កាត់បឹងទំពុន២ លោក លុក ជ័យ និងលោកស្រី ឃុន បុប្ផា បានរៀបចំឡើងនូវកម្មវិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយមនុស្សចាស់ មន្រ្តីរាជការចូលនិវត្តន៍ ជនពិការ អ្នកជំងឺប្រចាំកាយជាង១០០នាក់ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីនេះបានរៀបចំឡើងនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការចូលរួមពីលោក សុត សុវណ្ណ អនុប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា (ស.ស.យ.ក) ខណ្ឌមានជ័យ តំណាងលោក ឡុង ង៉ែត អភិបាលរងខណ្ឌ និងជាប្រធាន ស.ស.យ.ក ខណ្ឌមានជ័យ និងលោក លុក ជ័យ ចៅសង្កាត់រងទី១ សង្កាត់បឹងទំពន់ លោកស្រី ឃុន បុប្ផា ប្រធាន ស.ស.យ.ក សង្កាត់បឹងទំពន់ ព្រមទាំងមានការចូលរួមពី ស.ស.យ.ក ខណ្ឌ សង្កាត់ ភូមិ និង បេក្ខភាពក្រុមប្រឹក្សាសង្កាត់បឹងទំពន់ទី២ផងដែរ ។
ដោយសារការដឹកនាំប្រកបទៅដោយសេចក្តីស្រឡាញ់ មនោសញ្ចេតនារបស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ទើបបង្កើតពិធីនេះឡើង ដើម្បីផ្សារភ្ជាប់ ក្តីស្រឡាញ់ រវាងប្រជាពលរដ្ឋ មនុស្សចាស់ អតីតមន្រ្តីរាជការ ជនពិការ អ្នកមានជំងឺប្រចាំកាយ ។
លោក លុក ជ័យ ចៅសង្កាត់រងទី១បឹងទំពន់ បានថ្លែងក្នុងឱកាសនេះថា ដើម្បីចូលរួមទទួលទេវតាឆ្នាំថ្មី និងការលើកទឹកចិត្ត និង ផ្តល់ក្តីស្រឡាញ់ ដល់ដូនចាស់ លោកតា ជនពិការ ទើបបង្កើតពិធីនេះឡើង ដោយមិនប្រកាន់និន្នាការនយោបាយនោះទេ ។
លោកស្រី ឃុន បុប្ផា ប្រធាន ស.ស.យ.ក សង្កាត់បឹងទំពុន និងជាបេក្ខភាពក្រុមប្រឹក្សាសង្កាយ់បឹងទំពុនទី២ បានថ្លែងឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវក្តី ស្រឡាញ់ជូនដល់លោកយាយ លោកតា ដែលកំពុងមានជីវភាពខ្វះខាតប្រចាំថ្ងៃ និង ដើម្បីអបអរសាទរក្នុងឆ្នាំថ្មីនេះផងដែរ។
លោកស្រី ក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋដែលមានលទ្ធភាព ជីវភាពធូរធារ សូមមេត្តាចូលរួមក្នុងកិច្ចការមនុស្សធម៌ ចែករំលែកធនធាន និង ក្តីស្រឡាញ់ដល់ អ្នកដែលមានជីវភាពខ្វះខាតជាបន្តទៅទៀត។
លោកស្រី ឃុន បុប្ផា បានឲ្យដឹងទៀតថា មនុស្សចាស់ ជនពិការ និង អ្នកមានជំងឺប្រចាំកាយ ដែលអញ្ជើញមកពីភូមិទាំង១១ ក្នុងសង្កាត់បឹងទំពន់ ចំនួន ១០៧នាក់នេះ ក្រោយពីហូបអាហារសាមគ្គីជាមួយគ្នា រួចទទួលបានអង្ករ ម្នាក់ ២០គីឡូក្រាមផងដែរ ។
ជាមួយគ្នានេះ លោកស្រីបេក្ខភាពក្រុមប្រឹក្សាបឹងទំពន់ទី២ បានថ្លែងអំណរគុណដល់ មូលនិធិព្រះពុទ្ធសាសនាឆឺជី ដែលបានឧបត្ថម្ភអង្ករ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ និងលោក ឡុង ង៉ែត ប្រធានស.ស.យ.ក ខណ្ឌ, ស.ស.យ.ក ខណ្ឌមានជ័យ ដែលបានឧបត្ថម្ភដល់កម្មវិធីនេះ ឲ្យមានភាពស្និទ្ឋ និងសប្បាយក្រៃលែង៕