(ភ្នំពេញ)៖ ក្រោយណែនាំម្តងហើយ ម្តងទៀត ក្រុមអាជីវករផ្សារព្រែកឯង នៅតែមិនអនុវត្តន៍តាមនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ លោក ថេង សុថុល និងលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រោមឱវាទ រួមមាន៖ នាយករងរដ្ឋបាល ចៅសង្កាត់ និងកម្លាំងប្រជាការពារខណ្ឌ-សង្កាត់ ចុះរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់ ដើម្បីរក្សាសោភ័ណ្ឌភាព និងបញ្ចៀសការកកស្ទះចរាចរណ៍ ពិសេសបង្កការជួបគ្រោះថ្នាក់ចរាចរណ៍ ដោយយថាហេតុ ជូនបងប្អូនប្រជាពលរដ្ឋ អាជីវករ ដែលលក់លើហៀរមកលើទ្រូងផ្លូវ។
លោក ថេង សុថុល បានបញ្ជាក់ថា «កន្លងមកអាជ្ញាធរខណ្ឌ និងសង្កាត់បានចេញសេចក្តីណែនាំជូនដល់ក្រុមអាជីវករ និងបានចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារព្រែកឯងនេះ ជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែក្រុមអាជីវករនៅតែបំពាន មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ដោយបន្តដាក់លក់ទំនិញលើកផ្លូវ បង្កការកក់ស្ទះ និងធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាព សណ្តាប់ធ្នាប់សាធារណៈ ដូច្នេះនៅព្រឹកថ្ងៃនេះ យើងបានប្រាប់ពួកគាត់ (ក្រុមអាជីវករ) ទុកឲ្យកំឡុងពេលចូលឆ្នាំថ្មីនេះរួច អាជ្ញាធរប្តេជ្ញានឹងរៀបចំផ្សារព្រែកឯងនេះ ឲ្យល្អប្រសើរ ជាពិសេស នឹងចាត់វិធានការទៅលើកក្រុមអាជីវករណា ដែលរឹងទទឹង មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ពៅលមិនទុកបណ្តែតបណ្តោយឲ្យដាក់លក់សម្ភារលើផ្លូវយ៉ាងអាណាធិបតេយ្យបែបនេះទៀតទេ»។
ជាមួយនឹងប្រតិបត្តិការចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារព្រែកឯងនេះ លោក ថេង សុថុល និងលោក រស់ សុភ័ក្រ ក៏បានអំពាវដល់បងប្អូនអាជីវករ លក់តាមផ្សារទាំងអស់ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ សូមមេត្តារក្សាសណ្តាប់ធ្នាប់សាធារណៈ ដោយដាក់លក់ទំនិញ ទៅតាមទីតាំងកន្លែង ដែលផ្សារបានកំណត់ មិនត្រូវដាក់លក់ហៀរមកលើកចិញ្ចើមផ្លូវ និងចំណីផ្លូវសាធារណៈទេ ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរ ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើង។ ជាមួយគ្នានេះ រដ្ឋបាលខណ្ឌច្បារអំពៅ បានកោះហៅម្ចាស់ផ្ទះ ដែលយកចិញ្ចើមផ្លូវជួល ឲ្យបងប្អូនលក់ដូរ ទៅធ្វើការណែនាំ និងធ្វើកិច្ចសន្យា បញ្ឈប់ការយកចិញចើមផ្លូវទៅធ្វើអាជីវកម្ម ប្រយោជន៍ឯកជន ដោយមិនគិតពី បញ្ហាគ្រោះថ្នាក់នៅចំពោះមុខ ដែលអាចកើតមានគ្រប់ពេលវេលានោះ។
រដ្ឋបាលខណ្ឌច្បារអំពៅ បានដាក់ឱសានវាទដល់បងប្អូនអាជីវករ ដែលកំពុងប្រកបរបស់លក់ដូរតាមកញ្រែ្ចង កញ្ចើ បញ្ឈប់ការលក់លើទ្រូវផ្លូវតទៅទៀត។ ដោយហេតុថា បន្ទាប់ពីចូលឆ្នាំថ្មី ប្រពៃណីខ្មែររួច អាជ្ញាធរនឹងចាត់ វិធានការក្តៅចំបងប្អូនដែលលក់ដូរមកលើទ្រូងផ្លូវ។ អាជ្ញាធរសង្ឃឹមថា ការងាររៀបចំផ្សារព្រែកឯង មិនមែនជាការវែកចកទៀតទេ គឺជាការលើកចកចេញតែម្តង ដោយអាជ្ញាធរមិនអនុញ្ញាតឲ្យមានលក់លើទ្រូងផ្លូវបន្តទៀតទេ។ផែនការនេះនឹងអនុវត្តនៅក្រោយចូលឆ្នាំប្រពៃណីខ្មរ គឺអាជ្ញាធរត្រូវតែរៀបចំឲខានតែបាន ព្រោះមានមូលហេតុសំខាន់ៗដូចខាងក្រោម៖
១-គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ១ ដំណាក់ទី៤ ជិតបញ្ចប់រួចរាល់ ហើយដោយផ្លូវជាតិលេខ១នេះ ជាផ្លូវច្រកអន្តរជាតិ (ផ្លូវតំបន់អាស៊ាន) ដូច្នេះត្រូវលុបបំបាត់ឲ្យបាន នូវភាពអាណាធិបតេយ្យដែលកើតមាននៅលើថ្នល់ជាតិ។
២-ហានិភ័យនៃការកើតឡើងគ្រោះចរាចរណ៍នាពេលបច្ចុប្បន្ន ដែលបានកើតឡើងជារៀងរាល់ថ្ងៃ។
៣-ការអនុវត្តតាមសារាចរលេខ១១ ដែលបានកំណត់ឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវធ្វើការគិតគូពីទីតាំងលក់ដូររបស់ប្រជាពករដ្ឋលក្ខណៈតូចតាច រួមមាន៖ អ្នកលក់ដូរកញ្ច្រែង កញ្ជើ ល្អី ត្រូវមានទីតាំងសមរម្យ។
យោងតាមការខិតខំប្រឹងប្រែងនេះ សង្ឃឹមថា ទៅថ្ងៃអនាគតផ្សារព្រែកឯង នឹងមានរបៀបរៀបរយល្អជាក់ជាមិនខាន៕