(ភ្នំពេញ)៖ ភាពយន្តបែបកំប្លែង សើចក្អាកក្អាយ ដែលជាវណ្ណកម្មថ្មីមួយទៀតរបស់ផលិតកម្ម «មហាហង្ស» មានចំណងជើងថា «ស៊ុបភើម៉ាំ» បានរៀបចំពិធីបើកសម្ពោធបញ្ចាំងជាផ្លូវការហើយ នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នៅរោងភាពយន្ត Legend TK ទួលគោក ដែលជាចំណីចក្ខុថ្មី សម្រាប់ទស្សនិកជន ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងជារឿងមួយ ត្រៀមយកទៅកាន់ទីផ្សារនៅក្រៅប្រទេសផងដែរ។
លោក អ៊ិន សុភិន ដែលជាផលិតករ និងជាចាងហ្វាងផលិតកម្ម មហាហង្ស បានថ្លែងថា រឿងខ្នាតធំ«ស៊ុបភើម៉ាំ»សុទ្ធសឹងតែជាតារាល្បីៗ និងប្រើបច្ចេកវិទ្យាថតទំនើបខ្ពស់ចុងក្រោយគេ ទើបរឿងនេះ ត្រូវចំណាយទុន អស់ប្រមាណលើសពី៥ម៉ឺនដុល្លារ ដែលជាទុនមួយមានទំហំច្រើនជាងរឿងមុនៗ ដើម្បីពង្រឹងគុណភាពសាច់រឿង ឲ្យកាន់តែល្អប្រសើរ ស្របតាមស្ដង់ដារអន្តរជាតិ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត រឿងខ្នាតធំ «ស៊ុបភើម៉ាំ» ត្រូវបានលោក អ៊ិន សុភិន អះអាងថា កំពុងតែពិចារណាយកទៅបញ្ចាំង នៅទីផ្សារក្រៅប្រទេស ប៉ុន្តែនៅពេលនេះ លោកកំពុងតែស្ទាបស្ទង់ទីផ្សារ ក្នុងការដាក់បញ្ចាំងនៅក្នុងប្រទេសសិន។
ចាងហ្វាងផលិតកម្មរូបនេះ បានសង្កត់ធ្ងន់ថា ភាពយន្តខ្នាតធំរឿង «ស៊ុបភើម៉ាំ» ជាប្រភេទរឿងកំប្លែង កាច់កុង ឌឺដងគ្នា តែបង្កប់ដោយសារអប់រំ ដល់អ្នកដែលរស់នៅក្បែរខាងគ្នា និងសម្រាប់ជាកាដូ ក្នុងឱកាសមុនបុណ្យចូលឆ្នាំថ្មី ឈានចូលមកដល់ ដែលត្រូវបានសម្រិតសម្រាំងឡើង យ៉ាងពិសេស។ ភាពយន្តនេះ មានការចូលរួមដោយតារាសម្ដែងល្បីៗ ប្រចាំក្នុងប្រទេសកម្ពុជា ជាពិសេសគឺអ្នកនាង សុខ សោម៉ាវត្តី ដែលនាងនៅតែជាតារាសម្ដែង មានទីផ្សារខ្ពស់សម្រាប់មហាជនដដែល។
ក្នុងពិធីបើកសម្ពោធនេះ គេសង្កេតឃើញវត្តមានតារាសម្ដែងប្រុស-ស្រីល្បីៗ ជាច្រើនដួងបានចូលរួម ក្នុងនោះរួមមាន អ្នកនាង ខ្ញុង, អ្នកនាង កាតុ, នាយ ពែកមី, អ្នកនាង សុខ សោម៉ាវត្តី, នាយ គ្រឿន , នាយ ក្រូច, កញ្ញា វណ្ណ នីឡា, លោក ភិម តារាវិបុល, លោក អូន ឧស្សាហ៍, លោក ងួន សុបិន ព្រមទាំងវត្តមានរបស់លោក អ៊ិន សុភិន ជាផលិតករ និងជាចាងហ្វាងផលិតកម្ម «មហាហង្ស» ចូលរួមផងដែរ។
យ៉ាងណាមិញ លោក អ៊ិន សុភិន ក៏បានអំពាវនាវ ដល់បងប្អូនទាំងអស់ ចូលរួមគាំទ្រភាពយន្តខ្មែរ ស្នាដៃកូនខ្មែរ ដើម្បីជាការលើកទឹកចិត្តដល់ផលិតករ ក្នុងការផលិតរឿងដាក់បញ្ចាំងលើទីផ្សារបន្ថែមទៀត ក៏ដូចជាការលើកស្ទួយសិល្បៈភាពយន្ត របស់ជាតិយើងផងដែរ។ រឿងខ្នាតធំ «ស៊ុបភើម៉ាំ» នឹងដាក់បញ្ចាំងគ្រប់រោងភាពយន្តទំនើបទាំងអស់ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈកាលបរិច្ឆេទនៃការដាក់បញ្ចាំង គឺចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ នេះតទៅ៕