(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការដាក់បញ្ចាំងភាពយន្តភាគជាច្រើន ក្នុងស្ថានីយទូរទស្សន៍របស់ខ្លួនហើយនោះ ទូរទស្សន៍កងយុទ្ធពលខេមរៈភូមិន្ទប៉ុស្តិ៍លេខ៥ បានសម្រេចចិត្តធ្វើពីធី ក្រុងពាលីរឿងភាគថ្មីមួយទៀត មានចំណងជើងថា «ជីវិតនាងរចនា» ដោយបានជ្រើសរើសយក តារាសម្ដែង លោក អ៊ុន សុធា និងកញ្ញា រីយ៉ា សម្ដែងជាតួឯករួមគ្នា។
ពិធីក្រុងពាលីរឿងភាគថ្មី របស់ទូរទស្សន៍កងយុទ្ធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នៅក្នុងបរិវេណសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភោគីត្រា ដោយមានវត្តមានថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥, ផលិតករ, តារាសម្ដែងប្រុស-ស្រី និងក្រុមការងារថតជាច្រើននាក់។
លោក ស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យការផ្សាយ នៃស្ថានីយទូរទស្សន៍កងយុទ្ធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានថ្លែងឲ្យដឹងថា រឿង «ជីវិតនាងរចនា» ជាឆ្អឹងរឿងរបស់ថៃ ប៉ុន្តែមានគណៈកម្មការកែប្រែ និងសម្រួលឲ្យទៅជារឿងខ្មែរ មានលក្ខណៈជារបស់ខ្មែរ។ រឿងរបស់ថៃ គឺមានវប្បធម៌របស់គេ ទាំងការនិយាយស្តី ការស្លៀកពាក់ អាកប្បកិរិយា ដូច្នេះនៅពេលដែលយើងយកមកច្នៃ ឲ្យទៅជារឿងខ្មែរ ត្រូវតែមានការត្រួតពិនិត្យជាថ្មី កែតម្រូវជាថ្មី កុំឲ្យដូចទៅនឹងរឿងរបស់គេទាំងស្រុង។
លោក ស៊ិន សុផាត បញ្ជាក់ថា នៅថ្ងៃអនាគត ទូរទស្សន៍កងយុទ្ធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ នឹងមានការផលិតរឿងដែលខ្លួនឯង ខណៈដែលប៉ុស្តិ៍បានសហការជាមួយផលិតកម្មធំៗប្រហែលប្រាំផលិតកម្ម ដើម្បីបង្កើតការផលិតរឿងភាគឲ្យបានច្រើន បំពេញតាមតម្រូវការរបស់ទស្សនិកជន។ រឿង «ជីវិតនាងរចនា» មានចំនួន៣០ភាគ ដែលជារឿង បែបមនោសញ្ចេតនា ស្នេហា និងកំសត់ ដោយរំលេចគ្រប់រសជាតិ និងនិយាយពីការតស៊ូ ក្នុងជីវិតរបស់ក្មេងស្រីម្នាក់។
ដោយឡែក តារាសម្តែង លោក អ៊ុន សុធា បានឲ្យដឹងថា ដោយសារតែខ្លួនធ្លាប់ទទួលជោគជ័យផ្នែកសម្តែង ដូច្នេះលោកមិនខ្លាច និងខិតខំប្រឹងសម្តែងឲ្យល្អសម្រាប់រឿង «ជីវិតនាងរចនា» ងាកមកការចាប់ដៃគ្នាជាមួយនឹង តារាសម្តែងវ័យក្មេងស្រករក្រោយ កញ្ញា រីយ៉ា វិញ លោក អ៊ុន សុធា និយាយថា រីយ៉ា នឹងមានសមត្ថភាព អាចសម្រក់ទឹកភ្នែកដោយមិនបាច់ប្រើទឹកភ្នែកសប្បនិម្មិត ខណៈដែល អ៊ុន សុធា ធ្លាប់ឃើញទេពកោសល្យ របស់កញ្ញា រីយា កន្លងមក។
ចំណែកតារាសម្តែង ដែលអាចជាប់រហស្សនាម ជាតារាទឹកភ្នែក កញ្ញា រីយ៉ា ជឿជាក់ថា ទោះបីជាការចាប់ដៃគ្នាលើកដំបូង ជាមួយតួប្រុសសង្ហា លោក អ៊ុន សុធា នាងនឹងខិតខំបញ្ចេញសមត្ថិភាពរបស់ខ្លួន ឲ្យអស់ពីចិត្ត ត្បិតតែនៅពេលនេះ នាងមានឱកាសសម្តែងជាមួយនឹង តួសម្ដែងដែលនាងចូលចិត្តហើយ៕