Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស៖ ពុំមានពលរដ្ឋ ឬនិស្សិតខ្មែរ រងគ្រោះ ក្នុងហេតុការណ៍ផ្ទុះក្នុងរថយន្តភ្លើងក្រោមដី នៅរុស្ស៊ីនោះទេ

04-04-2017 11:23

(ភ្នំពេញ)៖ ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសថា រហូតដល់ពេលនេះ មិនទាន់មានពលរដ្ឋ ឬនិស្សិតខ្មែរណាម្នាក់ បានរងគ្រោះ ដោយហេតុការនៃការផ្ទុះនៅក្នុងរថយន្តភ្លើងក្រោមដី ក្នុងទីក្រុង St.Petersburg ប្រទេសរុស្ស៊ីឡើយ។ នេះបើតាមការជូនដំណឹងរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស។

ការចេញសេចក្តីជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពី ស្ថានទូតខ្មែរប្រចាំនៅប្រទេសរុស្ស៊ី បានទាក់ទងជាមួយសមាគមនិស្សិតខ្មែរប្រចាំនៅទីក្រុង St.Petersburg ដើម្បីស្វែងយល់អំពីភាពការណ៍របស់និស្សិតយើង។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២៖៤០នាទីល្ងាចម្សិលមិញ មានហេតុការណ៍ផ្ទុះដ៏ខ្លាំងមួយ បានកើតឡើង នៅឯស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Saint-Petersbourg នៃប្រទេសរុស្ស៊ី បណ្តាលឱ្យមានមនុស្សយ៉ាងតិច១១នាក់បានស្លាប់ និងជាង៤០នាក់ ផ្សេងទៀតបានរងរបួស។

ប៉ុន្តែយ៉ាងណាក៏ដោយ ភ្លាមនោះដែរ ពុំទាន់មានសេចក្ដីរាយការណ៍ណាមួយ បញ្ជាក់ពីមូលហេតុ នៃការផ្ទុះនេះនៅឡើយទេ៕