(ភ្នំពេញ)៖ ពិតជាមោទភាពខ្លាំងណាស់ ដែលក្រុមរបាំវិសុទ្ធិអង្គរ ដឹកនាំដោយព្រះអង្គម្ចាស់ក្សត្រីព្រះរាម នរោត្តម បុប្ផាទេវី អមដំណើរដោយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ច័ន្ទស៊ីថា លោកស្រី រ៉ាវិន កូស៊ីន លោកស្រី ទុនឯកសូហ្វី សុខចិន្តាសោភា និងលោកស្រីឧកញ៉ា មីន កុអាន់ណា បានទៅសម្តែងនៅទីក្រុងតូក្យូ រយៈពេលមួយសប្តាហ៍ ហើយទទួលបានការសាទរ និងកោតសរសើរពីសំណាក់ ព្រះរាជបុត្រ និងព្រះជាយា នៃព្រះរាជវង្សជប៉ុន និងប្រជាជនជាច្រើនសន្ធឹកសន្ធាប់ទៀត។
លោកស្រី ទុនឯកសូហ្វី សុខចិន្តាសោភា បានឲ្យដឹងថា ក្រុមរបាំវិសុទ្ធិអង្គរ ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ ពីព្រះអង្គម្ចាស់ក្សត្រីព្រះរាម នរោត្តម បុប្ផាទេវី ដោយទ្រង់សព្វព្រះហឫទ័យធ្វើជាព្រះប្រធាន ដឹកនាំក្រុមរបាំទៅសម្តែងរបាំប្រពៃណីខ្មែរ ជូនព្រះរាជបុត្រ និងព្រះជាយា នៃព្រះរាជវង្សប្រទេសជប៉ុន និងប្រជាជនជប៉ុនយ៉ាងច្រើន នៅទីក្រុងតូក្យូ។
ការសម្តែងរបាំនេះ មានរបាំអប្សរា របាំជូនពរ រឿងរាមកេរ្តិ៍ និងរបាំថ្មីមួយទៀត ដែលមានឈ្មោះថា សាគូរ៉ា សាគូរ៉ា ហើយក្រុមរបាំទាំងនេះ បានបង្ហាញនូវក្បាច់រាំដ៏ល្វត់ល្វន់ បញ្ជាក់ពីអត្តសញ្ញាណ នៃភាពទន់ភ្លន់ ក៏ដូចជាវប្បធម៌ដ៏រុងរឿង របស់ជាតិខ្មែរ ជាមួយនឹងការសម្តែង រយៈពេលមួយសប្តាហ៍នេះ បានផ្តល់នូវភាពរីករាយ ក៏ដូចជាការគាំទ្រ និងទទួលបានការកោតសរសើរ ពីសំណាក់អ្នកទស្សនាទាំងអស់គ្នាផងដែរ។
លោកស្រី រ៉ាវិន កូស៊ីន បានបញ្ជាក់ថា ក្រុមរបាំនេះ បានបង្កើតឡើងជាង១០ឆ្នាំ មកហើយ ដែលទទួលបាននូវកិតិ្តយសដ៏ខ្ពង់ខ្ពស់ ពីសំណាក់ព្រះអង្គម្ចាស់ក្សតី្រព្រះរាម នរោត្តម បុប្ផាទេវី ដោយទ្រង់សព្វព្រះរាជហឫទ័យ ធ្វើជាព្រះប្រធានកិតិ្តយស នៃក្រុមរបាំ។ ព្រះអង្គទ្រង់តែងតែពន្យល់ ណែនាំ កែតម្រូវ ដល់គ្រូរបាំទាំងអស់ ក្នុងការបង្ហាត់បង្រៀនរបាំដល់អ្នករាំរបាំ។
លោក ស្រីរ៉ាវិន កូស៊ីន បានបន្តថា សាលារបាំស្ថិតនៅជិតប្រាសាទបន្ទាយស្រី ក្នុងខេត្តសៀមរាប ហើយអ្នករបាំនេះ ជាប្រជាជនមកពីភូមិនៅជុំវិញប្រាសាទបន្ទាយស្រី។
សូមបញ្ជាក់ថា ក្រុមរបាំវិសុទ្ធិ គឺជាក្រុមរបាំទោល តែមួយក្នុងពិភពលោក ដែលនាដករ និងនាដការី ព្រមទាំងតន្រ្តីករនៃក្រុមរបាំ មានទម្លាប់ប្រចាំថ្ងៃ ដោយធ្វើកិច្ចសមាទាននិច្ចសីល បួងសួង និងភាវនាសុំក្តីសុខសន្តិភាព ព្រមទាំងសុខុមាលភាព និងការសង្រ្គោះដល់កូនក្មេងទូទាំងសកលលោក។ គ្រប់គ្នាទាំងអស់ នៃផ្នែកសិល្បរបាំ និងតន្រ្តីមានកំណើតដើម និងការហ្វឹកហ្វឺន នៅលើទឹកដីអង្គរ ហើយពួកគេក៏បានទទួលការសិក្សារហ្វិកហ្វឺន ណែនាំផងដែរ។
ក្រោយបញ្ចប់ការងារខាងលើ ថ្នាក់ដឹកនាំ ព្រមទាំងក្រុមសិល្បករ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧៕