(ត្បូងឃ្មុំ)៖ នាឱកាសជិតដល់បុណ្យចូលឆ្នាំថ្មីនេះ លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារបើកចុះយុទ្ធនាការផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពាក្យស្លោកអប់រំនានាដើម្បីការពារសុវត្ថិភាព ព្រមទាំងចែកមួកសុវត្ថិភាព សៀវភៅច្បាប់ចរាចរណ៍ និងបិទស្ទិកគ័រលើយានយន្តរបស់ពលរដ្ឋថែមទៀត។

លោកអភិបាលខេត្ត បានអំពាវនាវដល់ក្រុមហ៊ុនរថយន្តដឹកជញ្ជូន ដឹកអ្នកដំណើរទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ និងកុំដំឡើងថ្លៃ នៅក្នុងឱកាសបុណ្យនានា ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ដើម្បីរួមចំណែកជួយសម្រាលបន្ទុកដល់អ្នកដំណើរ។

លោក ប្រាជ្ញ ចន្ទ ថ្លែងបែបនេះ ធ្វើឡើងក្នុងទិវាជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១០ ឆ្នាំ២០១៧ នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី ប្រធាន-អនុប្រធានមន្ទីរ និងអង្គភាពជុំវិញខេត្ត ក្រុមហ៊ុន អង្គការនានា កាកបាទក្រហមខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរយនាក់។

លោកបានឲ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ មាននិន្នាការកើនឡើង នៃការស្លាប់ជាក្រុម ដោយសារការបើកបរល្បឿនហួសកំណត់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព វ៉ាជែងទាំងប្រថុយប្រថាន បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ មានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យបាត់បង់ជិវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអធម ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកកូនកំព្រា ស្រ្តីមេម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើន មកលើសង្គមកម្ពុជា។

លោកបានបញ្ជាក់ថា «ការប្រារព្ធទិវានៅពេលនេះ ជាការវាយជួងជាថ្មីម្តងទៀត ចេញពីរដ្ឋបាលខេត្តត្បូងឃ្មុំ ឲ្យលាន់សូររំពងទៅគ្រប់ទិសទី រួមជាមួយនឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនដល់អ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើង ទាំងអ្នកបើកបរយានគ្រប់ប្រភេទ ឲ្យផ្លាស់ប្តូរឥរិយាបថធ្លាប់មិនគោរពច្បាប់ចរាចរណ៍ ងាកមកប្រកាន់ឥរិយាបថ បើកបរដោយសណ្តាប់ធ្នាប់ របៀបរៀបរយល្អ មានការអធ្យាស្រ័យ និងគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ ឬនៅពេលបើកបរយានយន្ត ដើម្បីរួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក កាត់បន្ថយចំនួនអ្នកស្លាប់ ក៏ដូចជាតាមសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ សំដៅកាត់បន្ថយចំនួនអ្នកស្លាប់ ឲ្យបាន៥០% នៅឆ្នាំ២០២០។

លោក ប្រាជ្ញ ចន្ទ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចណ៍» ដោយអនុវត្តវិធានការទាំង៨ចំណុច ជាពិសេសផ្តោតសំខាន់ទៅលើពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹង កុំបើកបរ បើបើកបរ កុំពិសារគ្រឿងស្រវឹង»។

នាឳកាសនោះ គណៈអធិបតីបានធ្វើការចែកជូនមួកសុវត្ថិភាព សៀវភៅច្បាប់ចរាចរណ៍ និងស្លាកស្ទីកគ័រដល់អ្នកចូលរួមផងដែរ៕