(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រារព្ធ ខួបកំណើតគម្រប់ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះ, ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដោយសូមប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ដែលមានវិរភាពដ៏ឧត្តុង្គឧត្តម គុណបំណាច់ដ៏ថ្លៃថ្លា និងជាអគ្គមគ្គទេសក៏ និងការអភិវឌ្ឍន៍ជាតិរីកចម្រើនគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
នៅក្នុងសារលិខិតរបស់ព្រះមហាក្សត្រ, ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រជារាស្រ្តកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហប្ញទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរទាំងយប់ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសដ៏ល្អប្រពៃនៃខួបចម្រើនជន្មាយុដ៏ឧត្តុងឧត្តមនេះ ខ្ញុំសូមសម្តែងនូវការសរសើរដ៏កក់ក្តៅ និងសូមផ្តល់ការគាំទ្រជានិច្ចរាល់កិច្ចខិតខំប្រឹងប្រែង របស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា និងសូមពរសម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវមហាជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្រ្តកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមជាសារលិខិតជូនពររបស់ព្រះមហាក្សត្រ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើត៖