(ព្រៃវែង)៖ ពីខេត្តព្រៃវែង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមគោរព និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបានគ្រប់ៗគ្នា ដើម្បីសម្រេចឲ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» និងដើម្បីការពារជីវិតខ្លួនឯង និងជីវិតអ្នកដទៃផងដែរ។
ការថ្លែងអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងខណៈសម្តេចចូលរួមនៅក្នុង វេទិកាសប្តាហ៍ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក លើកទី១០ រៀបចំធ្វើនៅខេត្តព្រៃវែង នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ដោយមានការសហការពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រៃវែង ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រមួយផ្នែក របស់ក្រុមហ៊ុនធានារ៉ាប់រងប្រូដេនស៊ល និងអង្គការសម័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការចំនួន១០ចំណុចរួមមាន៖
១៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រូវពិនិត្យកង់ ចង្កូត ហ្រ្វាំងភ្លើងបំភ្លឺ ជាដើម។
២៖ សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសបុណ្យនានា។
៣៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
៤៖ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច។
៥៖ ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
៦៖ មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត។
៧៖ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
៨៖ មិនត្រូវបត់ ឬវ៉ាជែង ក្នុងពេលប្រថុយប្រថាន។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់ និងអធ្យាស្រ័យគ្នា។
នៅក្នុងសន្ទុរកថា របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា «គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជារៀលរាល់ថ្ងៃ នៅទូទាំងប្រទេស ដោយបានបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត និងរងរបួសជាបន្តបន្តាប់ ប៉ុន្តែក្រោយពីមានយុទ្ធនាការរឹតបណ្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស បានដំណើរការយ៉ាងសកម្ម ដែលទទួលបានការគាំទ្រពីអាជ្ញាធរ សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ក៏ដូចជា អ្នកចូលរួមធ្វើឲ្យប្រសើរឡើង នូវស្មារតីគោរពច្បាប់ចរាចរណ៍ពីប្រជាពលរដ្ឋ យុទ្ធនាការនេះ ទទួលបានលទ្ធផលល្អប្រសើរ និងបានកាត់បន្ថយចំនួនគ្រោះថ្នាក់ បាន៤៤៣លើកស្មើ១១ភាគរយ កាត់បន្ថយចំនួនអ្នកស្លាប់២៧១នាក់ ស្មើ១៤ភាគរយ និងកាត់បន្ថយចំនួនអ្នករបួស៥៤២នាក់ស្មោះ៨ភាគរយ»៕