(កណ្តាល)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ជាពិសេសក្មេងសិស្សសាលាតូចៗ រស់នៅស្រុកកោះធំ ខេត្តកណ្តាល បានត្អូញត្អែរ យ៉ាងខ្លាំងចំពោះស្ថានភាពផ្លូវមួយខ្សែ នៅក្នុងមូលដ្ឋាន របស់ខ្លួនប្រៀបដូចជា ផ្លូវទៅកាន់ឋានរកអីចឹង ដោយសារតែក្រុម​ឈ្មួញ រកស៊ីដឹកត្រីនាំមកពីវៀតណាម យកមកចែកចាយនៅភ្នំពេញ បានបំផ្លាញផ្លូវធ្វើដំណើរលែងចង់កើតទៅហើយ។

ស្ថានភាពផ្លូវដូចបង្ហាញតាមរូបភាព និងវីដេអូខាងក្រោមនេះ​ ស្ថិតនៅក្នុងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានថតរូបផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News សុំឲ្យជួយចុះផ្សាយពីស្ថានភាពផ្លូវមួយខ្សែនេះ ដើម្បីដឹងដល់អភិបាលខេត្តកណ្តាល និងប្រធានក្រុមការងារចុះជួយឃុំនេះផង ពីព្រោះវាស្ទើរតែកន្លះជីវិតទៅហើយ ដែលក្រុមឈ្មួញបានដឹកត្រី តាមររយៈរថយន្តធំៗ​បំផ្លាញអស់ហើយ។ បើតាមប្រជាពលរដ្ឋ ឈ្មួញដែលរកស៊ីដឹកត្រីបំផ្លាញផ្លូវនេះ មានឈ្មោះ យូ រកស៊ីយូរឆ្នាំមកហើយ។ សម្រាប់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចវិញ គ្មានសិទ្ធិអំណាចទៅហាមឃាត់ការដឹកត្រី តាមរថយន្តធំៗទាំងនេះឡើយ។

ប្រជាពលរដ្ឋបាននិយាយថា ឈ្មួញឈ្មោះ យូ នេះ បាននាំត្រីប្រភេទត្រីរ៉ស់ ត្រីឆ្តោ ត្រីទីឡាប់យ៉ា... ពីវៀតណាម មកស្តុកទុកនៅក្នុងទឹកស្រះរបស់ខ្លួន រួចហើយបន្តដឹកទៅចែកចាយនៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។

ប្រជាពលរដ្ឋសង្ឃឹមថា​ ថ្នាក់ដឹកនាំខេត្តកណ្តាល នឹងជួយដោះស្រាយបញ្ហានេះជាក់ជាមិនខានឡើយ ដើម្បីកុំឲ្យរាស្រ្តរស់នៅ និងធ្វើដំណើរក្នុងរូបភាពលំបាកបែបនេះទៀត ពីព្រោះជិតដល់រដូវកាលបោះឆ្នោតផង៕