(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃខួបកំណើតគម្រប់ជន្មាយុ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់។ ចំណែកនៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិសារអាហារ ជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុំទោសដល់ជនរួមជាតិ និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានពន្យារការធ្វើជាម្ចាស់ផ្ទះនៃការ ប្រកួតកីឡាស៊ីហ្គេមរហូតដល់ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្យានេះ ដោយសារតែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ត្រូវបានបំភ្លេចបំផ្លាញដោយសារភ្លើងសង្រ្គាម ហើយមួយវិញទៀតនោះ គឺក្នុងដំណាក់កាលនេះកម្ពុជា ត្រូវការពេលវេលាក្នុងការអភិវឌ្ឍ ប្រទេសជាតិ។
* ទោះបីយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រមុខដឹកនាំប្រទេសអាស៊ាន ដែលបានយោគយល់ និងអធ្យាស្រ័យ ដល់កម្ពុជា ក្នុងការពន្យារពេលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម។
* សម្តេចតេជោ ហ៊ុន សែន ក៏រំពឹងថា កីឡាករ កីឡាការិនីទាំងអស់នឹងមិនអាក់អន់ចិត្ត ក៏ដូចជាស្តីបន្ទោសចំពោះការដឹកនាំរបស់សម្តេច ក៏ដូចជាការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យការធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេមត្រូវអូសបន្លាយរហូតដល់ឆ្នាំ២០២៣។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី០៤ ខែមេសា មិនមែនជាឆ្នាំកំណើតពិតប្រាកដរបស់សម្តេចតេជោនោះទេ តែវាជាការថ្ងៃខែដែល សម្តេចបានផ្លាស់ប្តូរជីវភាពពីជនស៊ីវិល ទៅជាកងកម្លាំងប្រដាប់អាវុធតស៊ូក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ប្រឆាំងការ ធ្វើរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ ១៨ មីនា ១៩៧០។ តែទោះជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់ការជូនពរនានាចំពោះសម្តេច បើទោះបីមិនមែនជាថ្ងៃកំណើត តែក៏ជាថ្ងៃនៃការបម្រើការងារពិត។
* បើតាមសម្តេចតេជោ ហ៊ុន សែន ថ្ងៃកំណើតពិតរបស់សម្តេច គឺថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីថ្ងៃ០៤ ខែមេសា មិនមែនជាថ្ងៃកំណើត តែសម្តេចតែងតែយកថ្ងៃនេះ ដើម្បីសម្ពោធនូវសមិទ្ធផលនានា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង បានប្រកាសផ្តល់ជំនួយឥតសំណងដល់សម្តេចសម្រាប់ការ សាងសង់ពហុកីឡដ្ឋាននេះ ហើយវាជាជំនួយធំជាងគេរបស់ចិន ក្នុងការផ្តល់ជំនួយទៅក្រៅប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្លង់សាងសង់ពហុកីឡដ្ឋានជាតិមរតកសម្តេចតេជោនេះ ត្រូវបានជ្រើសរើសដោយសម្តេចផ្ទាល់។ សម្តេចតេជោបន្តថា ពហុកីឡដ្ឋានដែលសាងសង់ឡើងដោយមានរូបរាងជាសំពៅនេះ គឺបង្ហាញពីទំនាក់ទំនងដ៏យូរលង់របស់កម្ពុជា និងចិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពហុកីឡដ្ឋានដ៏ទំនើបរបស់កម្ពុជា មានការគិតគូរខ្ពស់ក្នុងការរំដោះអ្នកទស្សនា នៅពេលមានគ្រោះអាសន្ន អ្វីមួយកើតឡើង ពោលក្នុងចំនួនអ្នកទស្សនាប្រមាណ ៦ម៉ឺននាក់ អាចជម្លៀសចេញក្នុងរយៈពេលតែប្រមាណ ៧នាទីប៉ុណ្ណោះ។
* ចំពោះការខ្វះខាតក្នុងការសាងសង់ពហុកីឡដ្ឋានមរតកជាតិដំណាក់កាលទី៣នោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងស្នើសុំឲ្យមិត្តចិនជួយសាងសង់បន្តទៅទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកន្លែងហ្វឹកហាត់ល្អ ពហុកីឡដ្ឋានល្អ វាមិនទាន់គ្រប់គ្រាន់នៅឡើយទេ គឺទាមទារឲ្យមានការប្រឹងប្រែង ពង្រីកសមត្ថភាពបន្ថែមរបស់កីឡាករ កីឡាការិនី។ តែសម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរចំពោះភាពរីកចម្រើន លើវិស័យកីឡានាពេលបច្ចុប្បបន្ន។
* សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានរំលឹកថា ទម្រាំមានសមិទ្ធផលកីឡា និងសមិទ្ធផលផ្សេងៗនៅកម្ពុជានេះ គឺអាស្រ័យដោយសារ តែកម្ពុជាបានរកឃើញនូវពន្លឺសន្តិភាព និងការរួបរួមជាធ្លុងតែមួយ ហើយសន្តិភាពនេះ បាននាំមកដោយមានការពលីជីវិតរបស់ពលរដ្ឋខ្មែរ យ៉ាងច្រើន។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យរួមគ្នាថែរក្សា និងក្តាប់ឲ្យជាប់នូវសុខសន្តិភាពដែលកម្ពុជាកំពុងមាន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពាវនាវលើកទឹកចិត្តឲ្យកីឡាជនពិការប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីនាំមកនូវមោទនភាពសម្រាប់ ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ក៏បានផលិតសម្ភារៈសម្រាប់ប្រកួតកីឡាបានមួយចំនួនផងដែរ ដូចជាការផលិតកង់ប្រណាំងនៅក្នុងខេត្តស្វាយរៀង និងបាល់ទះនៅក្នុងខេត្តកោះកុង។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋខ្មែរនឹងរីករាយសាទរចំពោះសមិទ្ធផលថ្មីពហុកីឡដ្ឋានមរតកតេជោតម្លៃប្រមាណ ១៥៧លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីជាង ៨០ហិកតា។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ០៩៖១០នាទីនាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនការផ្សាយផ្ទាល់