(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ ដែលជាថ្ងៃខួបកំណើតគម្រប់ជន្មាយុ ៦៦ឆ្នាំ ឈានចូល ៦៧ឆ្នាំ នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាមួយចំនួននៅពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់។ នៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញពិសារអាហារ ជាមួយកីឡាករ កីឡាការិនី អត្តពលិក និងមន្រ្តី នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ជាង ៣ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ។
យោងតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលបានសាងសង់រួចរាល់ក្នុងដំណាក់កាលទី១ ហើយបើកសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃស្អែកនេះ រួមមាន៖ មជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និង អគារស្នាក់នៅរបស់អត្តពលិក។
ក្រៅពីការសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាក្នុងដំណាក់កាលទី១នេះទៅ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានបាល់ទាត់ ដែលជាការសាងសង់ក្នុងដំណាក់កាលទី២ផងដែរ។
របាយការណ៍របស់ NOCC ពហុកីឡដ្ឋានបាល់ទាត់ ដែលបើកការដ្ឋានសាងសង់នៅថ្ងៃស្អែកនេះ ធ្វើឡើងលើផ្ទៃដីទំហំជាង ១៦ហិកតា ដោយអាចផ្ទុកអ្នកទស្សនាបានរហូតដល់ទៅ ៦ម៉ឺននាក់។ ពហុកីឡដ្ឋាននេះ ប្រើសម្រាប់ជាទីលានប្រកួតបាល់ទាត់ កីឡាបាល់ឱប និងកីឡាអត្តពលកម្ម។
NOCC បានបន្តថា ក្នុងពហុកីឡដ្ឋានធំនេះ ក៏មានសណ្ឋាគារចំនួន ៣៤បន្ទប់, ហាងលក់ទំនិញសម្លៀកបំពាក់កីឡា ឧប ករណ៍ សម្ភារៈកីឡាគ្រប់ប្រភេទ និងផលិតផលផ្សេងៗ, មានបំពាក់កន្លែងកម្សាន្តរបស់កុមារ, មានសាលហាត់កីឡាមួយចំនួនក្រោមអគារធំ ហើយលក្ខណៈពិសេសនោះរបស់កីឡដ្ឋានធំនេះ គឺមានច្រកសុវត្ថិភាពច្រើន ដែលអាចរំដោះមនុស្ស ៦ម៉ឺននាក់ក្នុងរយៈតែ ៧នាទីប៉ុណ្ណោះ។
សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់ព្រែកតាមាក់ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ពហុកីឡដ្ឋាននេះ មានចម្ងាយ ១២គីឡូម៉ែត្រ ពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានសាងសង់ឡើងដោយឈរលើទស្សនទានបៃតង «Green Sport» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក... ហើយក៏មានការកាត់បន្ថយប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង។
ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោងចំណាយថវិកាសាងសង់ចន្លោះពី ១០០លាន ទៅ២០០លានដុល្លារអាមេរិក ដែលថវិកាមួយភាគធំ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។
ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាពហុកីឡដ្ឋានជាតិ ដ៏ទំនើបមួយរបស់កម្ពុជា ដែលសាងសង់ឡើង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣៕