(ភ្នំពេញ)៖ លោក មុំ សៀក ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានសហភាពស្មារតីយុវជន ដើម្បីការងារកម្ពុជា (YSCCL) បានបង្កើតកម្មវិធីជួបជុំមួយ ដើម្បីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សហជីពស្មារតីកម្មករខ្មែរ និងថ្នាក់ដឹកនាំមូលដ្ឋានចំនួន៨០រោងចក្រសហគ្រាស ក្នុងចំណោមរោងចក្រសហគ្រាស១១៨ ទូទាំងរាជធានី-ខេត្ត អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខ។

លោក មុំ សៀក បានឲ្យដឹងថា សហជីពមូលដ្ឋានទាំងអស់នោះ ជាក្រុមការងារកសាងគណបក្ស អង្គការសហជីព តាមបណ្តារោងចក្រសហគ្រាសទូទាំងរាជធានី-ខេត្ត។

ក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់ លោកឧត្តមសនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស លោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ លោក ប្រាក់ រ៉ូ លេខាផ្ទាល់របស់នាយឧត្តមសនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនផ្សេងទៀត៕