(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការនាយករបស់គណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការ សម្រេចលុបចោលពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» និង ការរក្សាក្បាលម៉ាស៊ីនដឹកនាំថ្មី បានបញ្ជូនដល់ ក្រសួងមហាផ្ទៃហើយ។

តាមកម្មវត្ថុនៃលិខិតនេះ បានបញ្ជាក់ថា ជាការជូនដំណឹងស្តីពីសមាសភាពប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ និង ការជូនដំណឹង ស្តីពីការដកចំណងជើងចេញពីគោលនយោបាយអាទិភាព៥ចំណុច សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។

សូមជំរាបថា នៅរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មាធិការនាយក ដើម្បីរៀបចំកែសម្រួល ក្បាលម៉ាស៊ីនរបស់ខ្លួនឡើងវិញ ឱ្យស្របតាមលក្ខន្តិកៈនិង ពិនិត្យលើការប្រើប្រាស់ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។ ក្រោយកិច្ចប្រជុំនេះ គណបក្សសង្រ្គោះជាតិ បានសម្រេចរក្សាក្បាលម៉ាស៊ីនថ្មីរបស់ខ្លួនឱ្យនៅដដែលដោយពុំមានការកែប្រែនោះទេ ប៉ុន្តែគណបក្សនេះ បានសម្រេចលុបចោលសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដោយមិនអ​នុញ្ញាតឱ្យប្រើប្រាស់ទៀតឡើយ។

ការសម្រេចបែបនេះ បានធ្វើឡើង ក្រសួងមហាផ្ទៃ បានទទួលស្គាល់ការធ្វើវិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបានអនុម័តដោយសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ និងស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខនិ្តកៈថ្មីរបស់ខ្លួន៕