(ភ្នំពេញ)៖ បុរស៣នាក់បានលបគប់បំបែកកញ្ចក់រថយន្តរបស់ជនរងគ្រោះ រហូតដល់ចំនួន៣លើក និងបានគំរាមសម្លាប់ម្ចាស់រថយន្តផងនោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន ហើយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
បុរសទាំង៣នោះមានឈ្មោះ ប៊ុន រតនា ហៅអូន អាយុ៣០ឆ្នាំ, ឈ្មោះ ហួន តារ៉ារិទ្ធី អាយុ២២ឆ្នាំ និងឈ្មោះ កែវ គុណនរា ហៅតឿ អាយុ២៤ឆ្នាំ។ ចំណែកដើមបណ្ដឹងក្នុងរឿង ជានារីម្នាក់ មានមុខរបរលក់ឡេ។
មន្រ្តីនគរបាលបានឲ្យដឹងថា ដើមចមពីដំបូង នារីរងគ្រោះមានមិត្តភ័ក្តិម្នាក់ទៀត ជាអ្នកលក់ឡេលាបខ្លួនដូចគ្នា ក្រោយមកនារីរងគ្រោះ លក់ដាច់ជាងមិត្តភ័ក្តិពេក ធ្វើឲ្យមិត្តភ័ក្តិនោះអន់ចិត្ត កើតក្តីច្រណែនជាមួយគ្នាញឹកញាប់ រហូតមិត្តភ័ក្តិនោះ បានពឹងពាក់បុរស៣នាក់ខាងលើ ឲ្យទៅវាយកញ្ចក់រថយន្តម៉ាកព្រូស និងគប់កញ្ចក់រថយន្តដើមបណ្តឹង ព្រមទាំងបង្ហោះហ្វេសប៊ុកគំរាមថា នឹងសម្លាប់ជាញឹកញាប់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ។
មន្រ្តីនគរបាលបានបន្តថា ក្រោយមកនារីរងគ្រោះ បានទិញរថយន្តម៉ាកឡិចស៊ីស១គ្រឿងទៀត ត្រូវគេចោលបែកកញ្ចក់ម្តងទៀត ពេលនោះដើមបណ្តឹងឆែកកាមេរ៉ាសុវត្ថិភាព មើលទៅឃើញមនុស្សដដែល ធ្វើសកម្មភាពគប់កញ្ចក់រថយន្តរបស់នាង។ បន្ទាប់មក នាងបានដូរកញ្ចក់រថយន្តប្រើប្រាស់វិញ ស្រាប់តែថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ក្រុមដដែលនោះ លបគប់បែកម្តងទៀត។
ក្រោយមកនៅថ្ងៃទី២៨ ខែមីនា ជនដដែលបានគប់កញ្ចក់រថយន្តរបស់នាង បែកម្តងទៀត សរុបទៅទង្វើដែលបុរស៣នាក់នេះ បានធ្វើទៅលើដើមបណ្តឹងគប់បំបែកកញ្ចក់រថយន្តនោះ ចំនួន៣ដងហើយ ទើបនាងទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់។
បុរសទាំង៣នាក់ ក្រោយសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយបានចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងគំរាមសម្លាប់» ដែលសំណុំរឿងនេះ ស្ថិតនៅដំណាក់កាលតំណាងអយ្យការកំពុងធ្វើការសាកសួរ៕