(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ មន្ត្រីស៉ីម៉ាក់ដោះបានគ្រាប់បែកទម្លាក់ ពីលើយន្តហោះដ៏គ្រោះថ្នាក់របស់អាមេរិក ប្រភេទ MK82 មួយគ្រាប់ទៀតហើយ នៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក ហេង រតនា អគ្គនាយកស៉ីម៉ាក បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃទី០៣ ខែមេសានេះ មិនបាច់ជីកដីលំបាកច្រើនទេ ឃាតកលាក់មុខ បានលេចចេញមុខផុតដីមកខាងលើ ដោយសារភ្ជួរចំគ្រាប់ MK82 បង្ហាញមុខមាត់តែម្តង។ គ្រាប់នេះបានបង្ហាញខ្លួន នៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម»។
ឆ្លើយតបនឹងមតិលើកឡើងថា មិនមែនគ្រាប់របស់អាមេរិកទេ ព្រោះក្នុងសង្គ្រាមមានតួរអង្គ និងគ្រាប់មកពីប្រភពច្រើន ដូចជារុស្សី ចិន វៀតណាម អាលឺម៉ង់ ប៊ែលហ្សិក អឺរ៉ុបខាងកើតជាដើម។ល។ ហើយមានខ្លះនិយាយបែបចំអកថា អ្នកដោះ វាមិនដែលឃើញគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះដោះយកតែគ្រាប់មកពីអាមេរិក ចំពោះគ្រាប់មកពីប្រទេសចិន រុស្សី ឬប្រទេសផេ្សងៗ ទំលាក់ក្នុងរណ្តៅចោលវិញនោះទេ, ចំពោះបញ្ហានេះ លោក ហេង រតនា ចាត់ទុកថា ជាការនិយាយចំអកត្រឹមត្រូវ ព្រោះអ្នកដោះបោសសំអាតគ្រាប់មីនតម្លាភាពណាស់ មិនខ្វល់ថាគ្រាប់នោះមកពីខាងណាទេ ឲ្យតែគ្រាប់ ដោះតែទាំងអស់ហ្នឹង ដើម្បីសង្គ្រោះអាយុជីវិត។
លើសពីនេះទៅទៀតនោះ អគ្គនាយករូបនេះ បានអះអាងថា ចំពោះគ្រាប់មីនប្រឆាំងមនុស្ស និងគ្រាប់មីនប្រឆាំងរថក្រោះ ប្រទះឃើញច្រើនប្រភេទផលិតនៅ រុស្សី ចិន វៀតណាម អាលឺម៉ង់ ឆេកូ និងអាមេរិក ប៉ុន្តែចំពោះគ្រាប់បែកទំលាក់ពីយន្តហោះ រួមមានគ្រាប់បែកគីមី គ្រាប់បែកចង្កោម និងគ្រាប់បែកអំបែង គឺជារបស់អាមេរិកទាំងអស់។ ស៉ីម៉ាក់មិនទាន់ជួប គ្រាប់បែកយន្តហោះមកពីចិន រុស្សី ទំលាក់នៅកម្ពុជានៅឡើយនោះទេ។
សូមជម្រាបថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលរួមមានទាំងគ្រាប់បែកគីមីផងដែរ ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាន ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់ សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែង៕