(តាកែវ)៖ លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា ការជ្រើសរើសគាំទ្រ និងជឿទុកចិត្តការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺជាការ ត្រឹមត្រូវ ព្រោះយើងបានផ្តល់ជីវិតទី២។ លោកថា «ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំធ្វើសម្រាប់ប្រជាពលរដ្ឋដើម្បី បង្កលក្ខណៈឱ្យយើងទាំងអស់គ្នា មានសេរីភាព រស់នៅក្នុងសុខសន្តិភាព ដោយមិនព្រួយបារម្ភពីសង្គ្រាមដូចកាលពីអតីតកាល ធ្វើឱ្យកូនចៅប្រជាពលរដ្ឋយុវជនមានឱកាស រៀនសូត្រ ជីវភាពប្រជាពលរដ្ឋ មានជីវភាពធូរធា ព្រោះថាការជ្រើសរើសអ្នកដឹកនាំប្រទេស មិនដូចការចាក់ឆ្នោតផ្សងសំណាងនោះទេ»។
លោក ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ខណៈលោកតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធិផលនានា នៅវត្តអង្គពន្លៃ ស្ថិតនៅឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ការសម្ពោធសមិទ្ធិផលថ្ងៃនេះ គឺជាសមិទ្ធិផលបន្ថែម និងជាការកសាងសមិទ្ធិផលបន្ថែម ដើម្បីឆ្លើយតប ទៅនឹងតម្រូវការ ព្រះពុទ្ធសាសនា ដែលជាសាសនា បានអប់រំឱ្យចិត្តគំនិតមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ បណ្តុះនូវសីលធម៌ គុណធម៌ ស្រលាញ់គ្នា នៅក្នុងការរស់នៅក្នុងសង្គម។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «យើងមិនអាចជប់ប្រទេសកម្ពុជា ឱ្យដូចអាមេរិចបានទេ ប៉ុន្តែរាជរដ្ឋាភិបាល បានខិតខំធ្វើច្រើន ហើយប្រជាពលរដ្ឋ មានចិត្ត ចូលរួមធ្វើ ទោះបានតិចបានច្រើន ល្អជាជាងអ្នកអត់ចិត្តនិងមិនធ្វើអ្វីសោះចាំតែរិះគន់។ បើយើងមានចិត្តយើងនឹងអាចធ្វើបាន ប៉ុន្តែបើយើងអត់ចិត្តហើយមិនអាចអ្វីបានឡើយ។ មកដល់ម៉ោងនេះការដឹកនាំរបស់របស់ សម្តេចតេជោ ហ៊ុន សែន របស់គណបក្សប្រជាជនកម្ពុជា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានខិតខំបម្រើប្រជាពលរដ្ឋ រស់នៅក្នុងសន្តិភាព និងជីវភាពធូរធា»។
ជាការកត់សំគាល់ គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត បានដឹកនាំប្រទេស តាំងពី១៩៧៩ ខិតខំបង្កឱកាសកសាង សមិទ្ធិផលជាច្រើននៅទូទាំងប្រទេស គឺដើម្បីប្រជាពលរដ្ឋទាំងអស់ ព្រមទាំងការចង់ឃើញប្រជាពលរដ្ឋ រស់នៅក្នុងភាពសុខសាន្ត និងមានជីវភាពធូរធា៕