(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ជាន់ទី២ ស្ថិតនៅទល់មុខអតីតសកលវិទ្យាល័យន័រតុន (បច្ចុប្បន្នសាលាខណ្ឌ ដូនពេញ) បានរលត់ទៅវិញហើយ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងនគរបាលការិយាល័យបង្ការ និងពន្លត់ អគ្គិភ័យរាជធានីភ្នំពេញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានរួមគ្នាជួយអន្តរាគមន៍បាញ់ទាន់ពេលវេលា។
លោក ចាប ឌីណា នាយរងរដ្ឋបាលសាលាខណ្ឌដូនពេញ បានប្រាប់ថា តាមការសួរនាំ គ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្ត អគ្គិសនី។ សម្រាប់អគ្គិភ័យនេះត្រូវបានលោកបញ្ជាក់ថា បានបំផ្លាញទ្រព្យសម្បត្តិមួយចំនួននៅក្នុងផ្ទះ តែមិនបណ្តាលឲ្យមានរងរបួស ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា រថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ប៉ុន្តែប្រើតែ២គ្រឿងទេ៕