(ភ្នំពេញ)៖ លោកស្រី Eva Nguyen-Binh ជនជាតិបារាំង មានដើមកំណើតវៀតណាម ត្រូវបាន តែងតាំងរដ្ឋាភិបាលបារាំងសម្រេចជ្រើសតាំង ជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ជំនួស លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំងបច្ចុប្បន្ន ដែលផុតនឹងអាណត្តិនៅអំឡុងខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ពាក់ព័ន្ធនឹងការតែងតាំងនេះ អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំនៅកម្ពុជា លោក Mathilde Ternya បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះថា ការជ្រើសតាំងលោកស្រី Eva Nguyen-Binh មិនទាន់ច្បាស់លាស់នៅឡើយនោះទេ ដោយសារ មិនទាន់មានការឯកភាពពីអាជ្ញាធរកម្ពុជានៅឡើយ។
សូមបញ្ជាក់ថា នៅថ្មីៗនេះ រដ្ឋាភិបាលបារាំង បានសម្រេចតែងតាំងឯកអគ្គរដ្ឋទូតថ្មីចំនួន២៨នាក់ ដែលត្រូវកាន់ការងារនៅកន្លែងផ្សេងៗគ្នា ដូចជានៅក្រុង Berlin, Moscou, Pékin, Tokyo, Washington រួមទាំងកម្ពុជាផងដែរ។ លោកស្រី Eva Nguyen-Binh ត្រូវបានជ្រើសតាំងមកកាន់តួនាទីជាឯកអគ្គរដ្ឋទូបារាំងប្រចាំនៅកម្ពុជា។
លោកស្រី មានឈ្មោះដើមថា Nguyễn Bình Thanh Hương។ មានឪពុកជាជនជាតិវៀតណាម ម្តាយជាជនជាតិបារាំង ស្វាមីរបស់លោកស្រី គឺលោក Jean-Noël Poirier ក៏ជាឯកអគ្គរដ្ឋទូតបារាំងដែរ។ លោកស្រី Eva ធ្លាប់ធ្វើការវិស័យការទូតនៅប្រទេសឥណ្ឌា និងព័រទុយហ្គាល់ បច្ចុប្បន្នលោកស្រី ជាទីប្រឹក្សាផ្នែកកិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ របស់ស្ថានទូតបារាំង នៅវៀតណាម ហើយលោកស្រី ក៏ជាប្រធានវិទ្យាស្ថានបារាំង នៅទីក្រុងហាណូយថែមទៀតផង។
លោកស្រីបានរៀនបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅ Science Po ដែលជាសាលានយោបាយដ៏ធំ និងល្បីរបស់បារាំង ហើយលោកស្រីក៏បានរៀននៅសកលវិទ្យាល័យ Georgetown ផ្នែកកិច្ចការបរទេសថែមទៀត។ នៅឆ្នាំ១៩៩៤ លោកស្រី Eva Nguyen-Binh ចាប់បម្រើការងារនៅក្រសួងការបរទេសបារាំង ហើយលោកស្រី មានចំណេញដឹងជំនាញទូលំទូលាយផ្នែកកិច្ចការអាស៊ីអគ្នេយ៍។
ប្រសិនបើរដ្ឋាភិបាលកម្ពុជា ព្រមទទួលស្គាល់ លោកស្រី Eva Nguyen-Binh នឹងក្លាយជាឯកអគ្គរដ្ឋទូតបារាំងស្រីដំបូងគេបំផុត ក្នុងការបំពេញ ការងារនៅប្រទេសកម្ពុជា៕