(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាប្រធានមូលនិធិចាស់ជរាគ្មានទីពឹង និងសង្រ្គោះបន្ទាន់ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ រួមនិងសហការីបានចុះសួរសុខទុក្ខ ស្រង់ទឹកសម្អាតកាយ និងជូនសម្លៀកបំពាក់ថ្មីៗ ព្រមទាំងបើកប្រាក់ឧបត្ថម្ភប្រចាំខែមេសានេះ ដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង ក្នុងខេត្តប៉ៃលិនចំនួន ១៦០នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
លោកស្រីតំណាងរាស្ត្រ បានពាំនាំបណ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជម្រាបដល់លោកយាយ លោកតា និងប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិនទាំងអស់ ជូនពរឲ្យលោកយាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ ឲ្យមានសុខភាពល្អគ្រប់ៗគ្នា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខាងមុខ។
ជានិច្ចកាល លោកស្រីអ្នកតំណាងរាស្រ្ត តែងតែគិតគូយកចិត្តទុកដាក់ពីបញ្ហាសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្តជាប្រចាំ ដូចជា បង្កើតមូលនិធិចាស់ជរាគ្មានទីពឹង និងសង្រ្គោះបន្ទាន់ជាដើម ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានចាស់ជរាគ្មានទីពឹងនានា។
សូមជម្រាបថា មូលនិធិចាស់ជរាគ្មានទីពឹង និងសង្រ្គោះបន្ទាន់នេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ដោយលោក អ៊ី ឈាន និងលោកស្រីអ្នកតំណាងរាស្រ្ត ដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់សុខមាលភាពលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត ក្នុងខេត្តប៉ៃលិន ដោយផ្តល់ប្រាក់ឧបត្ថម្ភជាប្រចាំខែ ក្នុងម្នាក់ៗថវិកាចំនួន ១០០,០០០រៀល ដោយមិនរើសអើងបក្ខពួក និងមិនប្រកាន់និន្នាការនយោបាយ សាសនាណាឡើយ៕