(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា លោកនឹងចាត់ឲ្យក្រុមមន្រ្តីជំនាញ ចុះទៅពិនិត្យមើល ទីតាំងអាជីវកម្មជីករ៉ែមាសរាប់សិបកន្លែង ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ដែលត្រូវបានគេរាយការណ៍មកថា កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង ផ្ទុយនឹងច្បាប់អនុញ្ញាត។ អាជ្ញាធរមូលដ្ឋានបានលួចបង្ហើបថា សកម្មភាពទាំងនេះ គ្មានមន្រ្តីណាចេញទប់ស្កាត់ ឬបង្រ្កាបនោះទេ ហើយអាជីវកម្មបំផ្លាញ សម្បត្តិរដ្ឋទាំងនោះ ទំនងមានអ្នកធំនៅពីក្រោយខ្នងយ៉ាងពិតប្រាកដទើបអាចធ្វើអ្វីៗបានយ៉ាងនេះ។
អភិបាលខេត្តមណ្ឌលគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ថា «រដ្ឋបាលខេត្ត និងមន្ទីរជំនាញ រួមនិងអង្គភាពពាក់ព័ន្ធទូទាំងខេត្ត នឹងចុះទៅពិនិត្យ និងរកឲ្យឃើញកំហុស បើសិនជាការធ្វើអាជីវកម្ម របស់សហគមន៍សិប្បកររ៉ែមាសចុងផ្លាស់ ផ្ទុយទៅនឹងច្បាប់មែន មន្រ្តីយើងនឹងចាត់ការភ្លាម»។
អ្នកឃ្លាំងមើលសកម្មភាពនៃការធ្វើអាជីវកម្មរ៉ែទាំងនេះ បានរៀបរាប់ថា រណ្ដៅជីករ៉ែមាសនោះ ជារបស់សហគមន៍សិប្បកររ៉ែមាសចុងផ្លាស់ ស្ថិតក្រោមការគ្រប់គ្រងរបស់ លោក តែ គឹមសាន ជាប្រធាន សង្ស័យមានការពាក់ព័ន្ធជាមួយមន្រ្តី នៃមន្ទីររ៉ែ និងថាមពល និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅខេត្តមណ្ឌលគិរី ដែលទទួលបានប្រយោជន៍មិនតិចនោះទេ។
អ្នកឃ្លាំងមើលបាននិយាយថា «សព្វថ្ងៃនេះ សហគមន៍រ៉ែមាសចុងផ្លាស់ មានច្បាប់អនុញ្ញាតត្រឹមតែ១២រណ្តៅ ប៉ុណ្ណោះ តែជាក់ស្ដែងសហគមន៍នេះ បែរជាធ្វើសកម្មភាពលើសចំនួនអនុញ្ញាតនោះ រាប់សិបកន្លែង»។
បើតាមបញ្ញត្តិច្បាប់ ការធ្វើអាជីវកម្មជីករ៉ែមាស គឺត្រូវធ្វើឡើងដោយប្រជាពលរដ្ឋខ្មែរនៅក្នុងសហគមន៍ ជម្រៅរណ្ដៅត្រឹមតែជាង២០ម៉ែត្រ ប៉ុណ្ណោះ ហើយការប្រើប្រាស់សារធាតុគីមី ត្រូវស្របតាមគោលការណ៍ច្បាប់ ការប្រើប្រាស់រំសេវ និងគ្រឿងបំផ្ទុះក្នុងរណ្តៅរ៉ែ ធ្វើបានទាល់តែស្ថិតក្រោមការត្រួតពិនិត្យ របស់មន្រ្តីនគរបាលជំនាញត្រឹមត្រូវ ចំនួនរណ្តៅមានចំនួនពិតប្រាកដត្រឹមត្រូវ តាមច្បាប់កំណត់។ ក៏ប៉ុន្តែ ប្រធានសហគមន៍ លោក តែ គឹមសាន បែរជានាំជនជាតិវៀតណាម និងជនជាតិចិន ទៅជីករណ្ដៅរ៉ែនោះទៅវិញ ហើយជម្រៅរណ្តៅវិញ ជ្រៅជាងច្បាប់អនុញ្ញាតដល់ទៅរាប់រយម៉ែត្រ ដាក់រំសេវបំផ្ទុះយ៉ាងសេរី ដោយមិនបាច់មានការត្រួតពិនិត្យពីមន្រ្តីជំនាញណាឡើយ។
លោក តែ គឹមសាន បានដើរប្រមូលបក្ខពួក មានទាំងជនបរទេសផង ឲ្យមកជីករណ្តៅបន្ថែម រហូតដល់ជាង២០រណ្តៅថ្មីថែមទៀត ដោយតម្រូវឱ្យម្ចាស់រណ្ដៅថ្មីនោះ បង់លុយឲ្យខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់។ សព្វថ្ងៃនេះ លោក តែ គឹមសាន កំពុងយកឈ្មោះអ្នកដឹកនាំម្នាក់ នៅរាជធានីភ្នំពេញមកធ្វើសកម្មភាពទាំងនេះ។
ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរ៉ែមាស ខុសស្តង់ដាបច្ចេកទេសនេះ បានបង្កឱ្យមនុស្សស្លាប់ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ ថ្មីៗនេះ មានបុរសម្នាក់ បានរអិលជើងធ្លាក់ចូលរណ្តៅរ៉ែមាសមួយកន្លែង នៅឃុំចុងផ្លាស់ខាងលើ បណ្ដាលឲ្យរងរបួសធ្ងន់ ហើយបានស្លាប់នៅពាក់កណ្តាលផ្លូវ ក្នុងពេលបញ្ជូនទៅមន្ទីរពេទ្យ និងករណីមួយទៀត ម្ចាស់រណ្តៅខុសច្បាប់មួយ នៅឃុំចុងផ្លាស់ដែរ ជំនាញបានចុះទៅបិទមិនឱ្យធ្វើសកម្មភាពទៀត ព្រោះអត់ច្បាប់ តែត្រូវម្ចាស់រណ្តៅមានគ្នាប្រមាណ ៦,៧នាក់ នាំគ្នាលោតចូលក្នុងរណ្តៅនោះ ដោយបានគំរាមសមត្ថកិច្ចថា បើហ៊ានបិទរណ្តៅនោះ ពួកគេនឹងសម្លាប់ខ្លួនក្នុងរណ្តៅភ្លាម។
បច្ចុប្បន្ននេះឈ្មោះសហគមន៍សិប្បកររ៉ែមាស នៅទីនោះបើគ្រាន់តែស្តាប់ឈ្មោះ គឺល្អមែនទែនដោយគេយកប្រជាសហគមន៍ជាវាំងនន តែធាតុពិតម្ចាស់រណ្តៅគឺមាន លោក តែ គឹមសាន ជាប្រធានសហគមន៍ បងប្អូនលោក តែ គឹមសាន និងបក្ខពួក លោក លាត លីមគុណ មានតួនាទីជាមេឃុំចុងផ្លាស់ លោក ឌីមាន តួនាទីជាអនុប្រធានសហគមន៍ លោក លឹម អតីតជាប្រធានសហគមន៍ លោក គ្រូសឿន លោក សម្បត្តិ លោក លាង និងនៅមានម្ចាស់រណ្តៅជាច្រើនឈ្មោះទៀត ជាបក្ខពួកនិយមរបស់លោក តែ គឹមសាន។
លោក សាន់ ដារិទ្ធ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី បានឱ្យដឹងថា បើសិនជាមន្ទីររបស់លោក បានពិនិត្យឃើញថា ខុសច្បាប់មែន ខាងមន្ទីរនឹងធ្វើការបញ្ឈប់ និងលុបច្បាប់អនុញ្ញាតនេះចោលតែម្តង ព្រោះការអនុញ្ញាតច្បាប់នេះ គឺមន្ទីរជាអ្នកចេញឲ្យ។
អង្គភាព Fresh News មិនអាចសុំការបំភ្លឺពី លោក តែ គឹម សាន ប្រធានសហគមន៍រ៉ែមាសចុងផ្លាស់បានទេនៅរសៀលថ្ងៃនេះ៕