(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៧នេះ បានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវម៉ាស៊ីន(CT scanner ១៦Slides advance) និងឧបករណ៍វេជ្ជសាស្រ្តទំនើបថ្មី ដូចជា៖ ម៉ាស៊ីនថតកាំរស្មីអ៊ិចមួយគ្រឿង ម៉ាស៊ីនប្រព័ន្ធបំពង់បញ្ជូន Pneumatic ទៅផ្នែកទូរទាំងមន្ទីរពេទ្យ ម៉ាស៊ីនវាស់ដង្ហើម និងម៉ាស៊ីនពិនិត្យ រកប្រភេទកោសិការ មហារីក និងទំនើបៗបន្ថែមទៀតសរុបជាទឹកប្រាក់ចំនួន ៨៣០,៧៤៣ ដុល្លារអាមេរិក។ ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោកសាស្រាចារ្យ ឈាង រ៉ា បានថ្លែងឲ្យដឹងថា ដោយមានភាពរីកចម្រើន លើផ្នែកបច្ចេកវិទ្យាកាន់តែជឿនលឿន មន្ទីរពេទ្យកាល់ម៉ែត បានបំពាក់ម៉ាស៊ីន (CT scanner ១៦Slides advance) អមដោយបន្ទប់ប្រតិបត្តិការ ម៉ាស៊ីនស្តង់ដាវេជ្ជសាស្រ្តសកលដែលម៉ាស៊ីន (CT) ស្កែនន័រថ្មី មានសមត្ថភាពខ្ពស់ក្នុងការស្កែន លើគ្រប់សរីរាង្គមនុស្សបានយ៉ាងរហ័ស និងរូបភាពផ្តល់កាន់តែច្បាស់ល្អ និងលំអិតជាអតិបរិមា។
លោកសាស្រ្តាចារ្យ បានបន្តថា ម៉ាស៊ីន (CT scanner ១៦Slides advance) និងឧបករណ៍វេជ្ជសាស្រ្ត បំពាក់ដោយបច្ចេកវិទ្យាកម្រិតខ្ពស់ ទាំងអស់ នោះ មានតំលៃ ៨៣០,៧៤៣ដុល្លារអាមេរិក ជាប្រភពថវិកាស្វ័យយ័ត របស់មន្ទីរពេទ្យកាល់ម៉ែត ដែលសម្រេចបាននូវសមិទ្ធិផល ដ៏ធំធេងជាបន្តបន្ទាប់នេះ អាស្រ័យដោយការ ខិតខំប្រឹងប្រែង មិនខាចនឿយហត់ប្រកបដោយឆន្ទៈមោៈមុត របស់ថ្នាក់ដឹកនាំ មន្ត្រី រាជការ បុគ្គលិក មន្ទីតពេទ្យកាល់ម៉ែត ស្របតាមគោលនយោបាយ របស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរ អំពីភាពរីកចម្រើនរបស់មន្ទីរពេទ្យកាល់ម៉ែត ដែលបន្ថែមនូវបច្ចេកវិទ្យាទំនើប សម្រាប់ការថែរក្សាគាំពារសុខមាលភាព សង្គមជាភារកិច្ចសំខាន់ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ខ្ពស់អភិវឌ្ឍន៍ ឲ្យកាន់តែប្រសើរសំដៅថែរក្សាការពារ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសតាមរយៈការព្យាយាម និងការយកចិត្តទុកដាក់ការងារ ដូច្នេះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ទាំងអស់របស់ មន្ទីរពេទ្យកាល់ម៉ែត ក្រសួងសុខាភិបាលបានឃើញពីការរីកចម្រើន ដោយមន្ទីរពេទ្យ បានកសាងមជ្ឈមណ្ឌល ឯកទេសវេជ្ជសាស្រ្ត ស្របតាមការអភិវឌ្ឍន៍ធនធានមនុស្សគ្រប់កំរិត ជាពិសេសគ្រូពេទ្យឯកទេសគ្រប់ជំនាញ ដើម្បីពិនិត្យព្យាបាលជំងឺ អមដោយឧបករណ៍វេជ្ជសាស្រ្ត ទំនើបក្នុងការធ្វើរោគវិនិច្ឆ័យ បានដាក់ច្បាស់និងទាន់ពេលវេលា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។
លោករដ្ឋមន្ត្រីក្រសួងសុខភិបាលបានបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកទាំងអស់របស់មន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែង កសាង អភិវឌ្ឍន៍ឥតឈប់ឈរនេះ គឺកាន់តែលើកកំពស់វិស័យសុខាភិបាល ឲ្យកាន់តែប្រសើរឡើង គួរជាទីមោទនៈក្រែងលែងដូច្នេះហើយ លោកសូមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការម៉ាស៊ីន (CT scanner ១៦Slides advance) និងឧបករណ៍វេជ្ជសាស្រ្តទំនើបថ្មី នៅមន្ទីរពេទ្យកាល់ម៉ែតចាប់ពីពេលនេះតទៅ៕