(ព្រះវិហារ)៖ ក្នុងឱកាសចុះសួរសុខទុក្ខកងទ័ពឈរជើង ការព្រំដែននៅខេត្តព្រះវិហារ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ បានថ្លែងក្រើនរំលឹកដល់កងទ័ព ឲ្យយកចិត្តទុកដាក់យាមល្បាតតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់នូវបទល្មើសឆ្លងដែន។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំឲ្យកងទ័ពកម្ពុជា រក្សាទំនាក់ទំនងល្អជាមួយកងទ័ពថៃ ហើយក្នុងករណីមានបាតុភាពអ្វីមួយកើតឡើង ត្រូវពិភាក្សារកដំណោះស្រាយជាមួយគ្នា ដោយសន្តិវិធី។
នាយឧត្តមសេនីយ៍ គន់ គីម ក៏បាននាំយកនូវការផ្តាំផ្ញើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងទ័ពទាំងអស់។ លោក គន់ គីម បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹក និងគិតគូរជានិច្ចនូវសុខទុក្ខរបស់កងទ័ព ដែលឈរជើងការពារទឹកដីនៅតាមទល់ដែន៕