(អ៊ីសា្រអែល)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសជាផ្លូវការថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីលរយៈចំងាយមធ្យមថ្មីមួយ ត្រូវបានដាក់ឱ្យដំណើរការហើយ មិនតែប៉ុណ្ណោះលោក បានអះអាងទៀតថា ចាប់ពីពេលនេះតទៅសត្រូវរបស់អ៊ីស្រាអែល នឹងប្រឈមមុខនឹងគ្រោះថ្នាក់ដ៏ធំ បើសិនជាហ៊ានវាយប្រហារមកលើអ៊ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃចន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Netanyahu បានព្រមានធ្ងន់ៗប្រឆាំងសត្រូវរបស់អ៊ីស្រាអែល ដូច្នេះថា «ខ្ញុំបញ្ជាក់ជាថ្មីឡើងវិញថា មិនថានរណាក៏ដោយឱ្យតែហ៊ានវាយប្រហារលើអ៊ីស្រាអែល នោះនឹងត្រូវជួបគ្រោះធំ ហើយជីវិតរបស់ពួកគេនឹងជួបហានិភ័យយ៉ាងពិតប្រាកដ»។ មួយវិញទៀតបើទោះបីជាមិនបានបញ្ជាក់ឱ្យចំឈ្មោះថា សត្រូវរបស់ខ្លួនជានរណាក៏ដោយ ក៏ភាគច្រើនគេដឹងថា លោក Netanyahu ចង់និយាយសំដៅទៅលើអ៊ីរ៉ង់ និងក្រុមឧទ្ទាមហេសប៊ូលឡាតែម្ដង។
គួរបញ្ជាក់ថាប្រព័ន្ធស្ទាក់ចាប់មីស៊ីលថ្មីរបស់អ៊ីសា្រអែលឈ្មោះថា David’s Sling គឺត្រូវបានអភិវឌ្ឍន៍ឡើងនៅក្នុងក្របខណ្ឌ នៃគំរោងរួមគ្នារវាងទីភ្នាក់ងារការពារមីស៊ីលអ៊ីស្រាអែល និងទីភ្នាក់ងារការពារមីស៊ីលនៃក្រសួងការពារជាតិអាមេរិក៕