(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍រំលឹកជាថ្មីម្តងទៀត ដោយបានណែនាំឲ្យឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវសិក្សារៀបចំមហាវិថីសម្តេចតេជោ ហ៊ុន សែន នេះឲ្យបានល្អប្រសើរសម្រាប់ ការចុះចតយន្តហោះក្នុងគ្រាដែល ព្រលានយន្តហោះអន្តរជាតិភ្នំពេញមានបញ្ហា។

ការលើកឡើងរបស់្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងខណៈសម្តេចតេជោ អញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមហាវិថី សម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ ដែលមានទំហំធំនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំស្នើថាឯកឧត្តម ទៀ បាញ់ ក្នុងក្របខណ្ឌជារដ្ឋមន្រ្តី ក្រសួងការពារជាតិ ហើយមាន ការ សិក្សាអំពីលទ្ធភាពនៃការចុះចតយន្តហោះ ក្នុងពេលមានអាសន្ន ពីព្រោះថា ពេលខ្លះ មានតម្រូវការចាំបាច់ ឧទាហរណ៍ នៅព្រលានយន្តហោះ នៅពោធិ៍តុង វាមានបញ្ហាដែលមិនអាចចុះចតបាន យន្តហោះគេអាចធ្វើដំណើរ វិលត្រលប់ទៅចុះចតនៅសៀមរាប នៅឯទីក្រុងហូជីមិញ អ្នកខ្លះ សល់សាំងច្រើនអាចទៅចុះចត នៅបាងកក ក៏ប៉ុន្តែសម្រាប់យន្តហោះ មានសាំងតិច មិនអាចធ្វើដំណើរដល់ ហូជីមិញ បាងកក ជម្រើសដែល ល្អជាងគេ គឺតំបន់នេះ គួរតែមានការសិក្សាពីការចុះចតក្នុងគ្រាមានអាសន្ន នៅប្រភេទយន្តហោះខ្លះ ជាពិសេសប្រភេទយន្តហោះស្លាប កង្ហារ ទីធ្លាយើងអាចទ្រទ្រង់បាន ហើយចំងាយអាចរត់ និងចុះចតបាន ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ យើងត្រូវតែសិក្សា ហើយរហូតដល់មាន ការចុះសាកល្បង ប្រភេទយន្តហោះយោធារបស់យើង មិនមែនប្រភេទយន្តហោះដឹកជញ្ចូន»

បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ចំណុចនេះ គ្រាន់តែជាចំណុចផ្តល់យុទ្ធសាស្រ្ត ដើម្បីបញ្ចៀស គ្រោះថ្នាក់ ជាយថាហេតុ នូវគ្រោះថ្នាក់ដែលអាចកើតឡើង សម្រាប់ការចុះចតយន្តហោះ ពីព្រោះផ្លូវនេះជាផ្លូវដែលគ្មានការប៉ះពាល់ បើទោះបីជាមានសំណង់ សងខាងមួយចំនួន នៅសេសសល់ ចំងាយរហូត៦០ម៉ែត្រ ធំ បើមានការត់ឲ្យអាចរួចបានគ្រប់គ្រាន់ដែរ យើងទេយើងអាចកែច្នៃបាន»

នៅក្នុងឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លៃងអរគុណ ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់ ដែលបាន ចូលរួម អភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បើគ្មានការចូលរួម នឹងគ្មានការអភិវឌ្ឍនោះឡើយ ហើយប្រទេសជាតិក៏គ្មានការ រីកចំរើនដូចសព្វថ្ងៃនេះផងដែរ៕

សូមស្តាប់ប្រសាសន៍សម្តេតេជោ ហ៊ុន សែន៖