(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានថ្លែងជំរុញដល់កងកម្លាំង នគរបាលអន្តោប្រវេសន៍ទាំងអស់ ដែលកំពុងឈរជើងនៅតាមព្រំដែនទាំងអស់ ត្រូវបង្កើនការត្រួតពិនិត្យ និងចាប់បញ្ជូនជនបរទេសទាំងឡាយ ដែលចូលមករស់ច្បាប់ ឲ្យត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញយ៉ាងដាច់ខាត។
នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សុខ ផល បានពាំនាំថវិកា និងគ្រឿងឧបភោគ-បរិភោគជាច្រើន ជូនដល់កម្លាំងនគរបាលអន្តោប្រវេសន៍ ដែលឈរជើងប្រចាំការ នៅប៉ុស្តិ៍នគរបាលច្រកព្រំដែនដូង ខេត្តបាត់ដំបង និងប៉ុស្តិ៍នគរបាលច្រកព្រំដែនព្រុំ ខេត្តប៉ៃលិន។
នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា «ទី១-ត្រូវតែពិនិត្យទៅលើជនបរទេសណា ដែលរស់នៅលើទឹកដីកម្ពុជា ដោយគ្មានលិខិតស្នាមត្រឹមត្រូវ ហើយត្រូវតែចាប់បញ្ជូនពួកគេទៅស្រុកកំណើតវិញជាដាច់ខាត និងទី២-បើជនអន្តោប្រវេសន៍នោះមានលិខិតស្នាម ឬឯកសារ យើងត្រូវពិនិត្យឱ្យបានច្បាស់លាស់ថា តើពិតប្រាកដ ឬក្លែងក្លាយ»។
ក្នុងឱកាសសំណេះសំណាលជាមួយកម្លាំងនគរបាល ទាំងពីរអង្គភាពខាងលើនាយឧត្តមសេនីយ៍ សុខ ផល បានផ្តាំផ្ញើដល់កម្លាំងនគរបាលទាំងអស់ថា ត្រូវយកចិត្តដាក់ចំពោះការងារត្រួតពិនិត្យមុខសញ្ញា បទល្មើសឆ្លងដែននានា ពិសេសការឆ្លងដែនចូលរបស់ជនបរទេសទាំងឡាយ ព្រមទាំងត្រូវពង្រឹងបន្ថែម លើការងារការពារសណ្ដាប់ធ្លាប់ ការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែន ឲ្យបានតឹងរឹងជាងមុន។
លោកអគ្គនាយកក៏បានដាស់តឿនជាថ្មីផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ កម្លាំងការពារច្រកព្រំដែនទាំងអស់ គប្បីមើលការខុសត្រូវជូនប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវជាប់ជានិច្ច កុំឲ្យជនឱកាសនិយមឆ្លៀតឱកាសប្រព្រឹត្តបទល្មើសនានា ដែលអាចរំខានដល់ភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍ សុខ ផល ក៏បានជំរុញដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ទាំងអស់ត្រូវតែគោរពតួនាទីរបស់ខ្លួន មិនត្រូវប្រើពាក្យសម្តីមិនសមរម្យដល់ភ្ញៀវជាតិ និងអន្តរជាតិ ត្រូវរួសរាយរាក់ទាក់ ក្នុងកិច្ចការទទួលភ្ញៀវ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា «កងកម្លាំងនគរបាលអន្តោប្រវេសន៍ត្រូវតែខិតខំដោះស្រាយជូនប្រជាពលរដ្ឋ និងភ្ញៀវបរទេស មិនត្រូវអសកម្មក្នុងការងារនោះឡើយ ហើយលើសពីនេះទៅទៀតនគរបាលអន្តោប្រវេសន៍មានតួនាទីការពារសន្តិសុខជាតិ ដូចជា៖ ចុះល្បាតតាមព្រំដែន ដើម្បីការពារបូរណភាពទឹកដីរបស់យើង ជាពិសេសគឺទំនាក់ទំនងគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងប្រទេសជិតខាង»។
ក្នុងដំណើរចុះសួរសុខទុក្ខកម្លាំងនគរបាលអន្តោប្រវេសន៍ នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ សុខ ផល បានចែកជូននូវអំណោយមួយចំនួន មានថវិកា២០លានរៀល អង្ករ២តោន ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង អំបិល ខ្ទឹមស ជាដើម។
ក្រោយពីបញ្ចប់សកម្មភាពចុះមូលដ្ឋានខាងលើហើយ លោកបានដឹកនាំក្រុមការងារ បន្តចុះត្រួតពិនិត្យការងារសាងសង់អង្គភាព កន្លែងស្នាក់នៅ និងកន្លែងធើ្វការរបស់កងកម្លាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកព្រំដែនអន្តរជាតិព្រុំ ក្នុងខេត្តប៉ៃលិន ដោយបានឧបត្ថមនូវអំណោយ ជាគ្រឿងឧបភោគ-បរិភោគមួយចំនួនផងដែរ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ត្រីខ ប៊ីចេង ខ្ទឹមសរ ទឹកបរិសុទ្ធ និងថវិកាចំនួន ២០,០០០,០០០រៀល ដល់មន្ត្រីប៉ុស្តិ៍៕