(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ទៅដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ កុំឲ្យដំឡើងថ្លៃខ្ពស់ហួសហេតុ ដើម្បីចូលរួមដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅមុន ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជិតឈានចូលមកដល់ នៅក្នុងពេលឆាប់ៗនេះ។
ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងខណៈសម្តេចចូលរួមនៅក្នុងពិធី អញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមហាវិថី សម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញដែលមានទំហំធំ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ។
បន្ថែមពីលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវប្រជាពលរដ្ឋដល់តំបន់ទេសចរណ៍នានា ប្រឹងប្រែងទាក់ទាញភ្ញៀវ ជាពិសេសអាជ្ញាធរ គ្រប់គ្រងតំបន់ទេសចរណ៍ ត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ជាពិសេសអ្នកលក់ដូរត្រូវលក់ឲ្យបានសមរម្យ ហើយកុំឲ្យលក់ថ្លៃ ដែលនាំឲ្យបាត់បង់ភ្ញៀវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលឆ្លាតលក់ចំណេញតិច តែលក់បានច្រើន រីឯអ្នកដែលល្ងង់លក់ចំណេញច្រើនតែលក់បានតិច។
មានប្រសាសន៍ឲ្យដឹងនៅក្នុងកម្មវិធីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ម្ចាស់ ក្រុមហ៊ុនរថយន្ត ឈ្នួលមេត្តាកុំដំឡើងថ្លៃរថយន្តហួសហេតុ ប្រសិនបើមានការដំឡើងណាមួយ ក៏គួរតែដំឡើងក្នុងកម្រិតសមល្មម ខ្ញុំព្រះករុណា ខ្ញុំបានអំពាវនាវស្ទើរ តែរៀងរាល់ឆ្នាំ ទាំងពេលភ្ជុំបិណ្ឌ និងពេលចូលឆ្នាំ ក៏ប៉ុន្តែដោយសារតែតម្រូវការខ្ពស់ពេក នៃការធ្វើដំណើរ និងការចង់មានចង់បានពីសំណាក់ អ្នកបើកបរ និងក្រុមហ៊ុន ដូចនេះតម្លៃនៃការធ្វើដំណើរក៏មានការកើនឡើងដូច្នេះ អំពាវនាវចំពោះម្ចាស់រថយន្ត ខិតខំយ៉ាងណាជួយទៅដល់ ប្រជាពលរដ្ឋ ដែលជាសាច់ឈាមរបស់យើង ក្នុងការធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ភូមិកំណើត និងពីភូមិកំណើតមកកាន់ទីក្រុងភ្នំពេញ សង្ឃឹមថា ម្ចាស់រថយន្ត និងទទួលយកនូវការគិតគូរនេះ និងសម្រូលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋយើង»។
ជាការកត់សំគាល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាល បានថ្លែងអំពាវនាវជាសាធារណៈ នៅមុនឱកាសបុណ្យ ប្រពៃណីជាតិ ដោយអំពាវនាវ មិនឲ្យម្ចាស់ក្រុមហ៊ុនរថយន្តឈ្នួល ដំឡើងថ្លៃរថយន្តខ្លាំងហួសហេតុពេល។
យ៉ាងណាក៏ដោយ កាលពីក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ យើងសង្កេតឃើញថា ការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាន ប្រសិទ្ធភាពខ្ពស់ ដោយកាលនោះ មានក្រុមហ៊ុនរថយន្តក្រុង១៤ ក្រុមហ៊ុន បានចូលរួមមិនដំឡើងថ្លៃឈ្នួលរថយន្តនោះទេ ក្នុងនោះរួមមាន ក្រុមហ៊ុន ថុង សម្បត្តិ, ក្រុមហ៊ុន ម៉ី ហុងដឹកអ្នកដំណើរ ក្រុមហ៊ុន ផលបូផាន់ត្រេកស្ព័តខូអិលធីឌី,ក្រុមហ៊ុន ដាកក្រហម, ក្រុមហ៊ុនដឹកអ្នក ដំណើរឡារីតា, ក្រុមហ៊ុនវ៉ាង រ៉ិច, ក្រុមហ៊ុន GIANTIBIS Transport, ក្រុមហ៊ុនហ្គោលដេនបាយ័នអេចប្រេស ក្រុមហ៊ុន រិទ្ធី មុនីដឹកអ្នកដំណើរ, ក្រុមហ៊ុន កាពីតូល, ក្រុមហ៊ុន ពន្លឺអង្គរខ្មែរដឹកជញ្ជូន, ក្រុមហ៊ុន ណាហ្គាត្រេនស្ព័ត, ក្រុមហ៊ុន វីរៈ ប៊ុនថាំ និងចុងក្រោយ ក្រុមហ៊ុន NATTAKAN ដឹកអ្នកដំណើរ ជាដើម។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា នៅពេលធ្វើដំណើរ និងបើកបរ នៅលើដងផ្លូវសាធារណៈ ជៀសវាងកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖