(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្តេជ្ញាប្រឹងប្រែងថែរក្សាសុខសន្តិភាពដែលកំពុងគ្របដណ្តប់ ពាសពេញប្រទេស និងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត មិនធ្វើឲ្យព្រះមហាក្សត្រខកព្រះទ័យ និងរាស្រ្តខក បំណងនោះឡើយ។
ការប្រកាសប្តេជ្ញារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ ក្នុងពេលសម្តេចអញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់មហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលជាមហាវិថីធំជាងគេនៅក្នុងរាជធានីភ្នំពេញ។
នៅក្នុងពិធីសម្ពោធផ្លូវនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងរំលឹកអំពីគោរមងារ «តេជោ» ដែលជាគោរមងារព្រះរាជទានដោយព្រះមហាក្សត្រខ្មែរ នៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ រួមមាន៖ តេជោយ៉ត តេជោមាស តេជោដំដិន និងរូបសម្តេចផ្ទាល់។ ក្នុងសតវត្សរ៍ទី ២១នេះ មានតែសម្តេច ប៉ុណ្ណោះ ដែលព្រះមហាក្សត្រខ្មែរសព្វព្រះរាជហឫទ័យព្រះរាជគោរមងារជាជា សម្តេចអគ្គមហាសេនាបតីតេជោ។
បើតាមសម្តេចតេជោ ហ៊ុន សែន ការព្រះរាជទានគោរពងារនេះ ក៏ព្រោះតែព្រះមហាក្សត្រខ្មែរទុកព្រះទ័យចំពោះសម្តេចក្នុងការដឹក នាំប្រទេសជាតិ។ តបនិងការទុកព្រះទ័យពីព្រះមហាក្សត្រខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ និងការពារ សុខសន្តិភាព មិនធ្វើឲ្យព្រះមហាក្សត្រខកព្រះទ័យ និងប្រជារាស្រ្តខកបំណងនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះថា «តេជោនៅអតីតកាល ដែលយើងធ្លាប់ស្គាល់គឺមានតេជោយ៉ត តេជោមាស ហើយក៏មានតេជោដំឌិន ហើយតេជោដំឌិនមិនដឹងថា មានពិតឬអត់ទៅទៀត ព្រោះថា តេជោចេះជ្រែកដី ។ ឥឡូវតេជោសែន កំពុងអង្គុយនៅ នេះ ឈរនៅនេះ។ ព្រះមហាក្សត្រព្រះអង្គបានសព្វព្រះរាជហទ័យ ប្រទានគោរមងារជាតេជោ សម្ដេចអគ្គមហាសេនាបតីតេជោ ដែលមុននេះមានតែតេជោ ឬឧកញ៉ាតេជោ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំនេះ គឺក្នុងសតវត្សរ៍ទី២១ ដែលមានងារជាសម្ដេច និងមានងារជាតេជោ ទួលព្រះបង្គំខ្ញុំមិនធ្វើឲ្យព្រះមហាក្សត្រ និងប្រជាពលរដ្ឋមានការខកព្រះទ័យ និងខកចិត្តនោះទេ»។
សម្ដេចតេជោ បានថ្លែងបញ្ជាក់បន្ថែមថា «តេជោនេះ កំពុងប្រឈមនឹងសភាពការណ៍ទាំងឡាយ ហើយក៏នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលពេលណាមានការលំបាក ពេលនោះតេជោចេញមុខ ពេលដែលមានការសប្បាយមិនសូវជាឃើញប៉ុន្មានទេ ប៉ុន្តែពេលដែលលំបាក គឺច្បាស់ជាឃើញមុខ តែយ៉ាងណាក៏ដោយ ការរួមសុខរួមទុក្ខជាមួយគ្នា ជាការចាំបាច់ណាស់ បើមិនដូច្នោះទេយើងនឹងបាត់បង់ត្រឡប់ទៅវិញ នូវអ្វីដែលជាសុខសន្តិភាព ដែលវាជាគ្រឹះមូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍នោះទេ»។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មហាវិថីសម្តេចតេជោ ហ៊ុន សែន នាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពី មោទនភាពផងដែរ ដែលក្រោមការដឹកនាំរបស់សម្តេច បានធ្វើឲ្យរាជធានីភ្នំពេញ ជាទីក្រុងដ៏ស្ងាត់ជ្រងុំ ឬហៅថា ទីក្រុងខ្មោចក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ប្រែក្លាយជារាជធានីភ្នំពេញដ៏រស់រវើក និងទំនើបដូចពេលបច្ចុប្បន្ន៕
សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖