(ភ្នំពេញ)៖ អ្នកនំាពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានឲ្យដឹងថា រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ ដើម្បីប្រកាសសុពលភាព លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រថ្មី នៃមណ្ឌលខេត្តតាកែវ ជំនួសសម្ដេចវិបុលបញ្ញា សុខ អាន ដែលទទួលមរណភាពនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ហើយស្បថចូលកាន់តំណែងពេញសិទ្ធិតែម្តង។
លោក ឡេង ប៉េងឡុង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ថា រដ្ឋសភាសម្រេចអនុម័ត ទទួលស្គាល់លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រថ្មី នៃមណ្ឌលខេត្តតាកែវ ជំនួសសម្ដេចវិបុលបញ្ញា សុខ អាន ដែលទទួលមរណភាព កាលពីពេលកន្លងមក។
លោកបន្តថា «អ៊ីចឹងលោក ជា វ៉ាន់ដេត នឹងត្រូវប្រកាសសុពលភាពនៅថ្ងៃប្រជុំរដ្ឋសភា ថ្ងៃទី៧ ខែមេសានេះ ហើយប្រកាសសុពលភាពរួច លោកទៅស្បថនៅព្រះបរមរាជវំាង ដើម្បីទទួលបានជាតំណាងរាស្ត្រពេញសិទ្ធិហើយ»។
លោក ឡេង ប៉េងឡុង បានឲ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តលើរបៀបវារៈ មួយចំនួនទៀត ហើយនឹងដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តក្នុងសម័យប្រជុំពេញអង្គលើកទី៨ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ផងដែរ។
សូមរំលឹកថា សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០១៧ នៅមន្ទីរពេទ្យក្រុងប៉េកាំង ប្រទេសចិន។ បន្ទាប់ពីការ ទទួលមរណភាពនេះ គណបក្សប្រជាជនកម្ពុជា ក៏បានស្នើដាក់លោក ជា វ៉ាន់ដេត ដែលជាបេក្ខជនបម្រុងលេខរៀងទី១ ជំនួសសម្តេច វិបុលបញ្ញា សុខ អាន តែម្តង៕