(កំពង់ស្ពឺ)៖ នាឱកាសឡើងថ្លែងសន្ទរកថា ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ១ខ្សែ ដែលមានប្រវែងជិត ២គីឡូម៉ែត្រនៅព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមប្រតិបត្តិអនុវត្តតាម ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់នានា ដែលកើតឡើងលើដងផ្លូវ។
ផ្លូវក្រាលកៅស៊ូ១ខ្សែនេះ កាត់តាមភូមិត្រពាំងរកា ភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោក ម៉ី ចាន់ថន មេឃុំត្រពាំងគង បានឲ្យដឹងថា ផ្លូវថ្នល់ដែលចាំបាច់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ជាប្រចាំក្នុងមូលដ្ឋាន មានចំនួន១៨ខ្សែក្នុងនោះ ផ្លូវក្រាលកៅស៊ូមាន ៤ខ្សែ និងផ្លូវក្រាលក្រួសក្រហមមាន ១៤ខ្សែ ដែលបានធ្វើចរាចរណ៍មានភាពប្រសើរ ដោយមិនសូវមាន ការកកស្ទះចរាចរណ៍នោះទេ។
លោកមេឃុំបានបន្តថា មកដល់ពេលនេះ អាជ្ញាធរបានបន្ថែមផ្លូវ១ខ្សែទៀត មានប្រវែងជិត២គីឡូម៉ែត្រ ដែលត្រូវជួសជុល ចាប់ពីថ្ងៃនេះ តទៅ ដោយអាជ្ញាធរខេត្ត។
លោក វ៉ី សំណាង បានលើកឡើងថា «ប្រជាពលរដ្ឋមានផ្លូវសម្រាប់ធ្វើដំណើរស្រួលហើយ គប្បីត្រូវតែប្រុងប្រយ័ត្នខ្ពស់ ចំពោះការ គ្រោះថ្នាក់ចរាចរណ៍ បើកបរកុំលឿនហួសល្បឿនកំណត់ ព្រោះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត»។
លោកអភិបាលបានបន្តថា សុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានតាមផ្លូវ មេត្តាយោគយល់ ចំពោះការ ជួសជុល ក្រែងមានការហុយ ឬរអិលតិចតួច ដោយលោកពន្យល់ថា កាលណាប្រទេសមានការអភិវឌ្ឍ គឺតែងមានការប៉ះពាល់បន្តិច បន្តួច ជាក់ជាមិនខាន ដូច្នេះត្រូវចេះអត់ឱនអធ្យាស្រ័យឲ្យគ្នាជាចាំបាច់ ដើម្បីឲ្យដំណើរការការងារមួយ ប្រព្រឹត្តទៅដោយរលូន៕