(កោះកុង)៖ លោក អ៊ូច សារុំ ប្រធានការិយាល័យរដ្ឋបាល នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង បានជួបគ្រោះថ្នាកចរាចរណ៍ស្លាប់បាត់បង់ជីវិត ត្រង់ចំណុចភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង មូលហេតុដោយសារ បើករថយន្តរអិលធ្លាក់ផ្លូវខ្លួនឯង។
បើតាមមន្រ្តីនគរបាលចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់នេះ កើតឡើងនៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ រថយន្តម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ 2AF-6900។
មន្រ្តីនគរបាលបានបន្តថា ជនរងគ្រោះ និងអ្នករួមដំណើរ៣នាក់ទៀត បានធ្វើដំណើរពីទីរួមខេត្តកោះកុង ឆ្ពោះទៅស្រុកថ្មបាំង ដើម្បីចូលរួមពីធីឡើងគេហដ្ឋានថ្មីរបស់មិត្តភ័ក្តិ តែជាអកុសល ពេលទៅដល់កន្លែងកើតហេតុ រថយន្តបានរអិលធ្លាក់ពីលើផ្លូវដោយខ្លួនឯង បង្កការគ្រោះថ្នាក់តែម្ដង។
ក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ អ្នករួមដំណើរ៣នាក់ រងរបួសបន្តិចបន្តួច ចំណែកលោក អ៊ូច សារុំ ត្រូវខ្ទាតចេញពីរថយន្តរងរបួសធ្ងន់ធ្ងរ និងបានបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យហើយ ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក លោកក៏ដាច់ខ្យល់ស្លាប់ក្នុងមន្ទីពេទ្យតែម្ដងទៅ៕