(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការសម្រេចលុបចោលនូវពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» របស់គណបក្សសង្រ្គោះជាតិពេលនេះ គឺជាកាយវិការគួរឱ្យស្វាគមន៍មួយ។
លោក សុខ ឥសាន បានបញ្ជាក់នៅព្រលប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានបេីកការប្រជុំមួយដេីម្បី៖ ១៖ រៀបចំឡេីងវិញនូវសមាសភាពថ្នាក់ដឹកនាំគណបក្ស ដេីម្បីឲ្យស្របតាមស្មារតីនៃប្រការ៤៧ នៃលក្ខន្តិកៈគណបក្ស។ ២៖ លប់ចោលគោលនយោបាយជាពាក្យស្លោក៖ “ដកមេឃុំបំរេីបក្ស ដាក់មេឃុំបំរេីរាស្ត្រ” ចេញ។ ការសំរេចខាងលេីនេះជាកាយវិការគួរឲ្យស្វាគមន៍»។
សូមជំរាបថា នៅរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មាធិការនាយក ដើម្បីរៀបចំកែសម្រួលក្បាលម៉ាស៊ីនរបស់ខ្លួនឡើងវិញ ឱ្យស្របតាមលក្ខន្តិកៈនិង ពិនិត្យលើការប្រើប្រាស់ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត»។ ក្រោយកិច្ចប្រជុំនេះ គណបក្សសង្រ្គោះជាតិ បានសម្រេចរក្សាក្បាលម៉ាស៊ីនថ្មីរបស់ខ្លួនឱ្យនៅដដែលដោយពុំមានការកែប្រែនោះទេ ប៉ុន្តែគណបក្សនេះ បានសម្រេចលុបចោលសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទៀតឡើយ។
ការសម្រេចបែបនេះ បានធ្វើឡើង ក្រសួងមហាផ្ទៃ បានទទួលស្គាល់ការធ្វើវិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបានអនុម័តដោយសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ និងស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខនិ្តកៈថ្មីរបស់ខ្លួន៕