(ភ្នំពេញ)៖ ម្ចាស់ផ្ទះបានរត់គេចខ្លួនបាត់ភ្លាមៗ បន្ទាប់ពីរាយខ្សែរភ្លើងជុំវិញរបងផ្ទះ ដើម្បីការពារចោរលួចទ្រព្យសម្បត្តិរបស់ខ្លួន ស្រាប់តែត្រូវឆក់មនុស្ស២នាក់ បណ្ដាលឲ្យស្លាប់ និងរងរបួសស្រាល។

ករណីរាយខ្សែរភ្លើង បណ្ដាលឲ្យឆក់មនុស្សស្លាប់ និងរបួសនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចជួរមាត់ទន្លេ ស្ថិតក្នុងក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ។

បើតាមអ្នកភូមិខាងលើបាននិយាយថា ករណីនេះ បានកើតឡើងដោយសារតែ នៅមុនពេលកើតហេតុ ជនជាតិវៀតណាម ជាម្ចាស់ផ្ទះបង្កហេតុ បានតខ្សែភ្លើង ដែលមានមុខតំណរ រាយព័ទ្ធជុំវិញដីរបងស័ង្កសីទាំងលើ ទាំងក្រោមផ្ទះ ដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន ហើយស្របពេលមានទឹកភ្លៀងផងនោះ ក៏មានក្មេងប្រុសជាជនជាតិវៀតណាមម្នាក់ បានរត់មកលេងនៅក្បែរនោះ មួយសន្ទុះ ក៍ឮសូរសម្លេងស្រែកឆោឡោ ស្រាប់តែបុរសរងគ្រោះបានឃើញ និងរត់ទៅជួយក្មេង ក៍ត្រូវឆក់ខ្សែរភ្លើងបណ្ដាលឲ្យដួលក្នុងភក់ជ្រាំ ហើយស្លាប់ភ្លាមៗ នៅនិងរបងផ្ទះតែម្ដង។

ជនជាតិវៀតណាមជាម្ចាស់ផ្ទះ ឈ្មោះ បិន ឃើញយ៉ាងដូច្នេះ ក៍រត់គេចខ្លួនបាត់ស្រមោល។ រីឯជនរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ បណ្ដាលឲ្យស្លាប់ មានឈ្មោះ វន ភេទប្រុស អាយុប្រហែល៤០ឆ្នាំ ជនជាតិខ្មែរ និងជាជនគ្មានទីពឹង ស្នាក់នៅជាមួយគេក្បែរចំណុចកើតហេតុខាងលើ និងក្មេងប្រុសរងគ្រោះម្នាក់ទៀត ជាជនជាតិវៀតណាម មានឈ្មោះ ចាំង មិនជី រងរបួសស្រាល។

ក្រោយកើតហេតុ លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះ២ រួមជាមួយអ្នកភូមិ បានចូលរួមបច្ច័យ និងជួយឧបត្ថម្ភមឈូស ចំនួន៥០ម៉ឺនរៀល និងបានរៀបចំសពជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក ជនជាតិវៀតណាមដែលកំពុងរត់គេចខ្លួន ត្រូវបានសមត្ថកិច្ច មូលដ្ឋានកំពុងស្រាវជ្រាវស្វែងរក ដើម្បីឲ្យមកទទួលខុសត្រូវ លើការបាត់បង់ជីវិតរបស់ជនរងគ្រោះផងដែរ៕