(ភ្នំពេញ)៖ ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត ប្រជាពលរដ្ឋ រួមទាំងកម្មករ កម្មការិនី ក្នុងទទួលបានសំបុត្រជិះរថយន្តក្រុង ទៅស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរនោះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្ហាញទីតាំងចែកសំបុត្ររថយន្ត បន្ថែមជាច្រើនកន្លែងទៀត។
ក្រុមហ៊ុនស្រាបៀរ GANZBERG បានបញ្ជាក់ថា «សូមជម្រាបជូនដល់សិស្សនិសិ្សត នៅសាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យធនធានមនុស្ស សាកលវិទ្យាល័យភូមិន្ទ និតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ធកិច្ច សាកលវិទ្យាល័យអាស៊ីអឺរ៉ុប សូមទំនាក់ទំនងទៅ ការិយាល័យរដ្ឋបាលរបស់ខ្លួន ដើម្បីទទួលសំបុត្រឡានក្រុង GANZBERG UBER BUS ដោយឥតគិតថ្លៃ។ សំរាប់សាកលវិទ្យាល័យ ឬស្ថាប័នសិក្សាដទៃទៀត សូមមកទទួលនៅទីតាំងដូចជា កោះពេជ្រ, ក្នុងស្ថានីយទូរទស្សន៍ CTN, ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍, ស្តាតចាស់។ ដោយសំបុត្រ នឹងចែកជូននៅថ្ងៃទី៨ ខែមេសា ចាប់ពីម៉ោង៨ព្រឹក រហូតអស់សំបុត្រ»។
សូមជម្រាបថា ដើម្បីចូលរួម អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយពលរដ្ឋ នៅទូទាំងប្រទេសខាងមុខ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានបង្កើតកម្មវិធីពិសេសមួយ ពុំធ្លាប់មានកន្លងមក ដោយក្រុមហ៊ុនបានរៀបចំរថយន្តក្រុងចំនួន១០០គ្រឿង ហៅថា GANZBERG UBER BUS ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅ ទៅជួបជុំញ្ញាតិមិត្តបងប្អូន និងក្រុមគ្រួសារនៅស្រុកកំណើតចំនួន១៥ខេត្ត-ក្រុង ដោយឆ្លងកាត់ផ្លូវជាតិចំនួន៨ខ្សែ ទូទាំងប្រទេស ដែលត្រូវចេញដំណើរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។
ខេត្តក្រុងទាំង១៥ដែលរថយន្ត GANZBERG UBER BUS ធ្វើដំណើរទៅដល់មានដូចជា ខេត្ដស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មំ ខេត្តក្រចេះ និងខេត្ដព្រៃវែង៕