(បន្ទាយមានជ័យ)៖ លោកស្រី ឈរ បុរី មាស សុភា ប្រធានកិត្តិយសសមាគមនារីកងទ័ពជើងគោក នៃកងយោធនពលខេមរភូមិន្ទ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកប្រតិភូ ដែលជាភរិយារបស់ថ្នាក់ដឹកនាំ ក្នុងបញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៥ ជាច្រើនរូប ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ យោធិនពិការចំនួន៨២០គ្រួសារ ដែលកំពុងរស់នៅ ក្នុងមជ្ឈមណ្ឌលយោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោកស្រី ឈរ បុរី មាសសុភា បាននាំយកនូវអំណោយដែលរួមមាន សារុង, មី, ទឹកដោះគោ, ស្ករស, ត្រីខ, ទឹកបរិសុទ្ធ, ទឹកក្រូច, ឃីត, ស្រាបៀរ និងថវិកា ទៅចែកជូនដល់បងប្អូននៅទីនោះគ្រប់ៗក្រុមគ្រួសារ។
បន្ថែមលើសពីនេះ លោកស្រីបានរៀបចំកម្មវិធីពិសា បាយសាមគ្គីមួយពេល ដើម្បីផ្សារភ្ជាប់ភាពស្និទ្ធស្នាល ប្រកបដោយការដឹងគុណ ចំពោះគុណបំណាច់ដែលបងប្អូនយោធិនពិការ បានលះបង់ដោយគ្មានស្តាយស្រណោះនូវអាយុ ជីវិត សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការ បាត់បង់កាយសម្បទា ដើម្បីជាតិមាតុភូមិកម្ពុជា និងភាពសុខសាន្ត របស់ប្រជាជនខ្មែរនារយៈពេលកន្លងមក៕