(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន រួមនឹងសហការី បានចុះពិនិត្យផ្ទាល់ និងផ្តល់ទឹកបរិភោគជូនប្រជាពលរដ្ឋ រងគ្រោះដោយសារជំនន់ទឹកភ្លៀង តាមដងស្ទឹងបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្នុងឱកាសនោះលោកស្រី ក្នុងនាមអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន រាល់ទុក្ខលំបាក ឬក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងខេត្ត គឺត្រូវបានជួយសង្រ្គោះ ដោះស្រាយ និងសម្រាលការលំបាកភ្លាមៗ ដោយមិនទុកឲ្យទុក្ខលំបាក ឬក្តីកង្វល់របស់ប្រជាពលរដ្ឋ មិនត្រូវបានជួយ និងដោះស្រាយឡើយ។
លោកស្រីតំណាងរាស្ដ្រ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព ដោយបរិភោគទឹកស្អាត និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពីគ្រោះធម្មជាតិ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងខេត្តប៉ៃលិនមានភ្លៀងធ្លាក់ ខ្យល់កន្រ្តាក់ និងរន្ទះ ដែលអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋគ្រប់រូប។
សូមបញ្ជាក់ថា យោងតាមឧតុនិយមរបស់ក្រសួងធនធានទឹក និងឧតុនិយម ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់ផ្ទួនៗ ពិសេសតំបន់ជួរភ្នំខាងលើ គឺមានភ្លៀងធ្លាក់ជាប់ៗគ្នា បានបង្កឲ្យទឹកស្ទឹងបរយ៉ាខា ឡើងល្អក់បង្កផល់ប៉ះពាល់ដល់ប្រជាពលរដ្ឋ តាមដងស្ទឹងគ្មានទឹកស្អាតប្រើប្រាស់ ដោយសារតាមតំបន់ជួរភ្នំខាងលើ កងកម្លាំងកងវិស្វកកម្ម ក្រសួងការពារជាតិ កំពុងកសាងផ្លូវក្រវ៉ាត់ព្រំដែន ដោយបានឈូសឆាយបង្កើតជាតួផ្លូវ ជាហេតុធ្វើឲ្យទឹកភ្លៀងបានហូរច្រោះដងផ្លូវនាំយកទឹកល្អក់មកជាមួយហូរចូលដងស្ទឹងបរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕