(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ មុនឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរមកដល់ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តែងបានរៀបចំពិធីជួបជុំ សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយអំណោយជា ចំណងដៃអបអរសាទរបុណ្យចូលឆ្នាំថ្មី សម្រាប់កងកម្លាំងគ្រប់ៗគ្នាផងដែរ។
ក្នុងឆ្នាំថ្មីនេះក៏មិនខុសគ្នានឹងឆ្នាំមុនៗ នៅចុងសប្តាហ៍នេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានជួបសំណេះសំណាលសួរសុខទុក្ខដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថធានីភ្នំពេញទាំងមូល រយៈពេល០២ថ្ងៃជាប់គ្នា ប្រកបដោយភាពស្និទ្ធស្នាល ។
ជាកិច្ចចាប់ផ្តើម ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំ នូវការសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជូនចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ និងក្រុមគ្រួសារ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរ និងជោគជ័យគ្រប់ការងារ។
ក្នុងឱកាសដ៏មនោរម្យនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ចំពោះការលះបង់កម្លាំងកាយចិត្ត បំពេញការងារទាំងយប់ទាំងថ្ងៃប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតីតស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ ។
លោកឧត្តមសេនីយ៍ឯក បានគូសបញ្ជាក់បន្ថែមថា ឆន្ទៈនិងភាពស្មោះត្រង់នៃការបំពេញការងាររបស់បងប្អូន គឺជាការរួមចំណែកយ៉ាងធំធេង ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្ថេរភាពសង្គម។ ជាការតបស្នងចំពោះការប្រឹងប្រែងទាំងនេះ លោកឧត្តមសេនីយ៍ ពុំមានកញ្ចប់ថវិកាអ្វីជូនដល់បងប្អូននោះទេ មានតែដំបូន្មានដែលជាគំនិត ក្នុងការត្រេះរិះពិចារណា លើការរៀបចំផែនការ សេដ្ឋកិច្ចគ្រួសារឲ្យបានត្រឹមត្រូវ ដែលគំនិតនេះប្រៀបដូចជាកញ្ចប់ថវិកាមួយ ជួយឲ្យបងប្អូនជៀសផុតពីហានិភ័យសេដ្ឋកិច្ចក្នុងគ្រួសារ លើសពីនេះបងប្អូនត្រូវយកចិត្តទុក ដាក់ថែរក្សាសុខភាពខ្លួនឯងឲ្យបានគ្រប់គ្នា តាមរយៈការហាត់ប្រាណជាប្រចាំ។
ទន្ទឹមគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ ត្រូវប្រឹងប្រែងយកចិត្តទុកដាក់ ចូលរួមការពារដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខឲ្យបានល្អ និងត្រូវចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ដាច់ខាត ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅគ្រប់កាលទេសៈ មិនឲ្យមានការធ្វើបដិវត្តពណ៌ជាដាច់ខាត។ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើ គ្រប់ពេលវេលា យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឲ្យបានម៉ឹងម៉ាត់ មុនពេលចេញប្រតិបត្តិការ ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងឲ្យមានសណ្តាប់ធ្នាប់ តាំងពីក្បាលដល់ចុងជើង ធ្វើខ្លួនឲ្យមានតម្លៃ ត្រូវបំពេញការងារប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធមនុស្ស ហាមប្រាស់ចាកពីវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ តាំងខ្លួនជាអ្នកបម្រើរាស្ត្រជានិច្ចមិនមែនធ្វើជាចៅហ្វាយរាស្ត្រនោះទេ។
ក្នុងពិធីជួបសំណេះសំណាលនេះ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានរៀបចំ ទឹកក្រូចចំនួន២៥០០កេស អាវយឺតចំនួន២០០០អាវ ឃីតដែលមានទឹកដោះគោ ទឹកសុទ្ធនិងនំពារ ចំនួន២០០០កញ្ចប់ សម្រាប់ចែកជូន ដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញគ្រប់ៗគ្នា ដើម្បីជាការលើកទឹកចិត្ត និងជាចំណងដៃសម្រាប់រីករាយ ជាមួយឱកាសចូលឆ្នាំថ្មីផងដែរ ៕