(កំពង់ស្ពឺ)៖ លោក រន រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ ចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ សមទ្ធិផលនានាក្នុងវត្តទេពខរាម ព្រមទាំងសំណេះសំណាលជាមួយពុទ្ធបរិស័ទ្ធ ស្ថិតក្នុងភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក នូ ឌុំ ជំនួយការសម្តេចចៅហ្វាវាំង គង់ សំអុល និងសប្បុរសជនទាំងក្នុង ក្រៅប្រទេស តាជី យាយជី លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស ជាច្រើនរូបផងដែរ។
តាមរបាយការណ៍របស់គណៈកម្មាធិការវត្ត បានឲ្យដឹងថា ដងទង់ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលនេះមានការចូលរួមពីសំណាក់ សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ក្រោមគំនិតផ្តួចផ្តើមរបស់ លោក នរ រតនៈវឌ្ឍនោ និងលោកស្រី ហើយដងទង់ទាំងគូរនេះ សាងសង់ដោយចំណាយថវិកាអស់ប្រមាណជិត ២ម៉ឺនដុល្លារនេះ មិនរាប់បញ្ចូលសម្ភារៈផ្សេងៗ ដែលកសាងរួចនៅក្នុងអារាមនោះទេ។
លោក នរ រនតៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា វត្តមានដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើប្រទេសជាតិមានការរីកចម្រើនគួរមោទនភាព ដោយឡែកវិស័យសាសនា ជាសាសនារបស់ជាតិ ត្រូវបានលើកស្ទួយគ្រប់ផ្នែកដោយរាជរដ្ឋាភិបាល ដែលជាក្បាលម៉ាស៊ីនប្រទេសដឹកនាំនាវាកម្ពុជា មានភាពរីកចម្រើន បានសុខក្សេមក្សាន្តមកទល់ពេលនេះ។
លោករដ្ឋលេខាធិការបន្តថា ដោយសារតែមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលបែបនេះហើយ បានធ្វើឲ្យទីអារាមទាំងអស់មានការកសាងអភិវឌ្ឍយ៉ាងក្រៃលែង ប្រែក្លាយវិស័យសាសនា ទៅជាទីជំរកយ៉ាងកក់ក្តៅ ដល់ប្រជាពុទ្ធិបរិសទ្ធ័ចំណុះជើងវត្តផង និងសម្រាប់ញាតិមិត្តជិតឆ្ងាយ មកធ្វើបុណ្យផងដែរ៕