(សៀមរាប)៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានព្រះរាជដំណាក់ទីពីរ ក្នុងក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមពី លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់ខេត្តសៀមរាប និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ស្ពានព្រះរាជដំណាក់ទីពីរនេះ មានប្រវែងសរុប៤៦ម៉ែត្រ និងទទឹង៨.២ម៉ែត្រ តភ្ជាប់រវាងក្រុងសៀមរាប និងផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងជួយសម្រួលដល់ការធ្វើដំណើរ របស់ភ្ញៀវទេសចរ។
ក្នុងពិធីនោះផងដែរ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសប្រគល់កៅស៊ូ ត្រជាក់ចំនួនប្រាំតោន និងម៉ូតូកង់បីចំនួន មួយគ្រឿងបន្ថែមទៀត ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដើម្បីប្រើក្នុងការជួសជុល គ្រលុកសំបុកមាន់។
លោកទេសរដ្ឋមន្រ្តី បានជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យ ជួបប្រទះតែសុខសុវត្ថិភាព ក្នុងការធ្វើដំណើរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេលខាងមុខ និងសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីជួយជ្រោមជ្រែង ការអភិវឌ្ឍប្រទេសជាតិ ជាទីស្រឡាញ់នៃយើងឲ្យឈានឆ្ពោះ ទៅរកភាពសំបូរសប្បាយរុងរឿង។
ក្នុងឱកាសនោះដែរ លោក ឃឹម ប៊ុនសុង បានថ្លែងពីការជំរុញនូវការអភិវឌ្ឍខេត្ត តាមរយៈការកែលំអហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តផ្លូវ ថ្នល់ ប្រព័ន្ធ ធារាសាស្រ្ត ប្រឡាយ លូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ការពង្រីកប្រព័ន្ធទឹកស្អាត អគ្គិសនី ការបំពាក់ភ្លើងបំភ្លីសាធារណៈ និងការរៀបចំសួនសាធារណៈ ការពារបរិស្ថាន ការរៀបចំអនាម័យ ដើម្បីលើកស្ទួយ និងតម្កល់ឋានៈក្រុងសៀមរាបជា ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដោយផ្តោតការយកចិត្តទុកដាក់ជាអាទិភាពបំផុត នូវការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមទាំងនៅទីក្រុង និងតំបន់ជនបទ។
លោកបន្តថា ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាជ្ញាធរបានសាងសង់ស្ពានថ្មីចំនួន៣កន្លែង ឆ្លងកាត់ស្ទឹងសៀមរាប រួមមាន ស្ពានថ្មវត្តពោធិលង្កា ស្ពានថ្មវត្តព្រះឥន្ទកោសា និងស្ពានថ្មថ្មី ព្រះរាជដំណាក់ ដែលយើងកំពុងប្រារព្ធពីធីបើកឲប្រើប្រាស់នាពេលនេះ។ សមិទ្ធផលស្ពានថ្មថ្មីព្រះរាជដំណាក់នេះ គឺជាសក្ខីភាពជាក់ស្តែង នៃវឌ្ឍនៈភាពវិស័យហេដ្ឋារចនា-សម្ព័ន្ធ និង ជាសមិទ្ធផលប្រវត្តសាស្រ្តថ្មីមួយទៀត សម្រាប់ខេត្តសៀមរាប ។
លោកអភិបាលខេត្តបន្ថែមថា «ខ្ញុំសូមសម្តែងនូវអំណរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចំពោះសមិទ្ធផលថ្មីនេះ ដែលនឹងជួយសម្រួលការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសព្រឹត្តិការណ៍អង្គរសង្រ្កាន្តខាងមុខនេះ»៕