(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតទឹកពិសា ឈានមុខគេ វីតាល់ បានធ្វើការបើកសម្ពោធ នៃការដាក់បង្ហាញផលិតផលវីតាល់ ដែលមានរូបរាងសំបកវេចខ្ចប់ថ្មី ជូនដល់សាធារណជន ។ នៅល្ងាចថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសុខា ក្រុមហ៊ុន វីតាល់ បានទទួលសា្វគមន៍ភ្ញៀវកិត្តិយសទាំងអស់ ទៅកាន់យុគសម័យថ្មី នៃដំណក់ទឹកវីតាល់ដ៏មានតម្លៃ ។ រូបរាងវីតាល់ថ្មី បានបង្ហាញខ្លួន ដោយស្តែងចេញពីការចាប់បញ្ចូលគ្នា រវាងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត លើការរចនាសំបកវេចខ្ចប់ថ្មី ដែលមានរចនាបថទំនើប និងមិនធ្លាប់មាននៅប្រទេសកម្ពុជា ។
ក្នុងរយៈពេល៧ឆ្នាំ នៃវត្តមានរបស់វីតាល់ ក្នុងទីផ្សារកម្ពុជា វីតាល់ទទួលបានភាពជោគជ័យខ្ពស់ទាំងចំនួននៃការលក់ និងការទទួលស្គាល់នូវគុណភាព ។ ក្នុងនោះផងដែរ វីតាល់ក៏បានដើរតួយ៉ាងសំខាន់ ក្នុងភាពជា អ្នកដឹកនាំនៃវិស័យផលិតទឹកក្នុងប្រទេសកម្ពុជា ដោយសារតែវីតាល់មានយុទ្ធនាការឈានមុខគេគ្រប់ជំហាន ជាក់ស្តែងដូចជាយុទ្ធនាការដកសម្បកប្លាស្ទិក លើគម្របដប ដើម្បីកាត់បន្ថយប្លាស្ទិច ក្នុងបរិស្ថាន ដែលបច្ចុប្បន្ន ត្រូវបានអនុវត្តតាមដោយក្រុមហ៊ុនដទៃទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ ពណ៌ និងរចនាបថរបស់វីតាល់ ក៏ត្រូវបានក្រុមហ៊ុនជាច្រើនកំពុងយកគំរូតាមផងដែរ។
លោក ជុន ហៀងថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនវីតាល់ ក៏បានថ្លែងថា វីតាល់ មានមោទនភាពជាមួយនឹងភាពជោគជ័យ និងការរីកចម្រើនខ្លាំងរបស់យើង ប៉ុន្តែនេះគឺជាមោទនភាពដែលមិនជ្រុលនិយម។ មោទនភាពនៃវីតាល់ បានជំរុញទឹកចិត្តយើងក្នុងការប្រកួតប្រជែងបន្ថែមទៀត ដោយប្រកាន់ខ្ជាប់នូវភាពច្នៃប្រឌិត មានវិជ្ជាជីវៈ និងប្រកួតប្រជែងដោយសមភាព ។
វីតាល់តែងតែប្រកាន់ខ្ជាប់នូវចក្ខុវិស័យ និងបេសកកម្មសំខាន់ធំៗ ចំនួន២គឺ៖ ១៖ ការផ្តល់ជូនទឹកពិសា ដែលមានគុណភាពខ្ពស់ ដល់មនុស្សជាតិនិងសង្គម ២៖ ការក្លាយជាក្រុមហ៊ុនជាតិ ដែលទទួលបានការកោត សរសើរជាងគេក្នុងវិស័យឧស្សាហកម្មទឹកពិសា។ ហេតុដូច្នេះហើយ ដើម្បីឲ្យវីតាល់នៅបន្តរក្សាតំណែងកំពូលនៅស្ថិតស្ថេរ វីតាល់បាននឹងកំពុងតែដើរស្របទៅនឹងការវិវឌ្ឍរបស់ពិភពលោក ដែលប្រព្រឹត្តទៅមុខជារៀងរាល់ថ្ងៃ និងលឿនបំផុតទាំងបច្ចេកវិទ្យា រចនាបថ និងគំនិតច្នៃប្រឌិត។ ជាងនេះទៅទៀត លោកប្រធានក៏បានបង្ហាញពីលក្ខណៈពិសេសនៃរូបរាងថ្មីរបស់វីតាល់ ដែលមានដូចជា៖ ផ្ទៃសំបកកេសទាំងមូលមានពណ៌ភ្លឺ ស្រស់ថ្លាជាងមុន កេសថ្មីរំលេចដោយពន្លឺចរណៃ ដែលបញ្ជាក់ពីភាពស្រស់ថ្លានៃជីវិតរបស់យើង ពាណិជ្ជសញ្ញា ផុសអណ្តែតឡើង តាមលក្ខណ: 3D ដែលជាបច្ចេកវិទ្យាផលិតចុងក្រោយបំផុត និងដំបូងបំផុតនៅប្រទេសកម្ពុជា ។
លោកក៏បានសង្កត់ធ្ងន់ថា ការវិវឌ្ឍខ្លួនរបស់វីតាល់ ក៏នៅតែរក្សាគុណភាពក្នុងលំដាប់ខ្ពស់ដដែល មិនត្រឹមតែតាមស្តង់ដារជាតិប៉ុណ្ណោះទេ តែយើងអនុវត្តតាមស្តង់ដា WHO ហើយបន្ថែមពីលើនេះ វីតាល់ ត្រូវបានផលិតឡើង ដោយឧត្តមគតិជាតិមនសិកា និងធ្វើដើម្បីសង្គម និងប្រជាជាតិទាំងមូល យើងសូមធានានូវអ្វីដែលយើងបានធ្វើ។
ពិធីសម្ពោធ «ដំណក់វីតាល់នាយុគសម័យថ្មី» បានប្រព្រឹត្តឡើងដោយមានការចូលរួមជាសក្ខីភាព ពីម្ចាស់ដេប៉ូភេសជ្ជៈធំ-តូចជាច្រើននៅកម្ពុជា អ្នកសារព័ត៌មានគ្រប់ស្ថាប័ន តំណាងអតិថិជន ព្រមទាំងប្អូនៗនិសិ្សត ដែលមានសម្ព័ន្ធភាពល្អជាមួយក្រុមហ៊ុនវីតាល់ផងដែរ។
លោកឧកញ៉ា ឡាវ វ៉ាន់ នាយកគ្រប់គ្រង និងតំណាងក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនវីតាល់ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិជន ជាពិសេសម្ចាស់ដេប៉ូភេសជ្ជៈទាំងឡាយ ដែលជារឿយៗបានខិតខំ ប្រឹងប្រែងគាំទ្រវីតាល់ ទៅកាន់ទីផ្សារកម្ពុជាបានយ៉ាងជោគជ័យ ធ្វើឲ្យសន្ទុះនៃកំណើនចរាចរវីតាល់ លើទីផ្សារមានដំណើរឈានមុខគេ។ វីតាល់ នឹងមិននៅស្ងៀមនោះទេ ព្រោះវីតាល់មានទស្សនៈវិស្ស័យ ប្រែក្លាយខ្លួន ជាក្រុមហ៊ុនជាតិឈានមុខល្អដាច់គេ លើវិស័យផលិតទឹកពិសា ទាំងទីផ្សារក្នុងស្រុក ព្រមទាំងក្រៅស្រុកផងដែរ។
លោកឧកញ៉ា ឡាវ វ៉ាន់ បានបន្តថា ដើម្បីបង្កើនការយកចិត្តទុកដាក់ ទៅលើអតិថិជនវីតាល់ បានបង្កើតនូវផ្នែកសេវាបំរើអតិថិជនរហ័ស ដែលមានទូរស័ព្ទលេខ៖ 1800 200 333 ។ ការទូរស័ព្ទចូល គឺមិនគិតតម្លៃឡើយ - Free call ហើយគ្រប់បញ្ហានឹងត្រូវបានដោះស្រាយដោយការយកចិត្តទុកដាក់ និងឆាប់រហ័សដោយទទួលស្វាគមន៍រៀងរាល់ម៉ោងធ្វើការ ។ វីតាល់ប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗនិង ល្អៗជាច្រើនទៀត ដើម្បីបម្រើប្រជាជនកម្ពុជា ឲ្យបានល្អបំផុត ហើយក៏ជាការតបស្នងទៅនឹងជំនឿចិត្ត ដែលប្រជាជនកម្ពុជាមានមកលើវីតាល់ «វីតាល់មោទនភាព ផលិតផលជាតិ» ៕