(បន្ទាយមានជ័យ)៖ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន និងប្រធានក្រុមការងារចុះជួយស្រុកថ្មពួក តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារ វត្តថលហលិន្ទារាម គោករមៀត ស្រុកថ្មពួក។
ទេសរដ្ឋមន្ត្រី សេរី កុសល ក៏បានណែនាំដល់ភូមិ ឃុំកងកម្លាំងប្រដាប់អាវុធ ឲ្យយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអប់រំប្រជាពលរដ្ឋ កុំឲ្យលេង ឬប៉ះពាល់គ្រាប់មីន និងណែនាំប្រជាពលរដ្ឋ កុំអោយកែច្នៃគ្រាប់ ព្យួររាស់ត្រាក់ទ័រ ឬកាប់ឆ្ការព្រៃ ដើម្បីធ្វើស្រែចំការដាំដំណាំផ្សេងៗ នៅដីតំបន់ណាមិនទាន់បានធ្វើការបោសសំអាតមីនទាំងស្រុង ហើយនៅពេលបានឃើញ ឬសង្ស័យថា ជាគ្រាប់មីន ឬគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ មកអាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករដោះមីននៅក្បែរនោះ។
ទេសរដ្ឋមន្ត្រី សេរី កុសល បានលើកឡើងផងដែរថា សមទ្ធិផល សាសនា នានាកើតឡើងថ្ងៃនេះ ដោយសារនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ដឹងនាំដោយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនាំមកនូវ សុខ សន្តិភាព មានការអភិវឌ្ឍន៍គ្រប់វិស័យ។ សន្តិភាពមានគ្រប់គ្រាន់នៅក្នុងដៃ សូមបងប្អូនកុំឲ្យបាត់បង់ សូមកុំជឿអ្នកខ្លះ ចង់នាំឲ្យយើង ឬប្រទេសជាតិកម្ពុជាធ្លាក់នៅសង្គ្រាម វិនាសកម្មជាតិនោះអី។
សូមបញ្ជាក់ថា បញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងព្រះវិហារ វត្តថលហលិន្ទារាម គោករមៀត ចំណាយថវិកាជាង២សែនដុល្លារ គឺចាប់ផ្តើមកសាងនៅឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៧នេះសម្រេចបាន១០០ភាគរយ។ ព្រះវិហារមានទំហំ បណ្តោយ១៦.៤០ម៉ែត្រ ទទឹង១១.៥០ម៉ែត្រ កំពស់២៥ម៉ែត្រ និងរបងខ្លោងទ្វារមានបណ្តោយ៤០ម៉ែត្រ ទទឹង៣០ម៉ែត្រ ព្រមទាំងដងទង់ មានកំពស់១៩ម៉ែត្រ៕