(ភ្នំពេញ)៖ បងប្អូនប្រជាពលរដ្ឋ ពិសេសកម្មករ-កម្មការិនី សូមកុំភ្លេចអញ្ជើញ ទៅទទួលសំបុត្រជិះរថយន្តក្រុង១០០គ្រឿង ទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយឥតគិតថ្លៃ ពីស្តង់ក្រុមហ៊ុនស្រាបៀរ GANZBERG នៅកោះពេជ្រ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧។

តំណាងក្រុមហ៊ុនស្រាបៀរ ហ្គេនស៍បឺគ បានលើកឡើងថា ដើម្បីចូលរួម អបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមួយពលរដ្ឋ នៅទូទាំងប្រទេសខាងមុខ ក្រុមហ៊ុនស្រាបៀរហ្គេនស៍បឺគ បានបង្កើតកម្មវិធីពិសេសមួយ ពុំធ្លាប់មានកន្លងមក ដោយក្រុមហ៊ុនបានរៀបចំរថយន្តក្រុងចំនួន១០០គ្រឿង ហៅថា GANZBERG UBER BUS ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅ ទៅជួបជុំញ្ញាតិមិត្តបងប្អូន និងក្រុមគ្រួសារនៅស្រុកកំណើតចំនួន១៥ខេត្ត-ក្រុង ដោយឆ្លងកាត់ផ្លូវជាតិចំនួន៨ខ្សែ ទូទាំងប្រទេស ដែលត្រូវចេញដំណើរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។  

តំណាងក្រុមហ៊ុនដដែល បានបញ្ជាក់បន្ថែមថា នេះគឺជាការរួមចំណែកជួយកាត់បន្ថយ ដល់ការចំណាយរបស់បងប្អូន ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវធ្វើដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឪពុកម្តាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ហើយក៏នឹងជួយទប់ស្កាត់ការ ដំឡើងថ្លៃសំបុត្ររថយន្ត ដែលតែងតែកើតមានឡើងផងដែរ ហើយសកម្មភាពនេះ ក៏ជាការយកចិត្តទុកដាក់ យ៉ាងពិសេសមួយ របស់ក្រុមហ៊ុន ចំពោះសេចក្តីសុខ សុខុមាលភាព និងសុវត្ថិភាពរបស់ ប្រជាពលរដ្ឋខ្មែរ តាមរយៈការបង្កលក្ខណៈងាយស្រួល ជូនដល់ជនរួមជាតិ ដើម្បីធ្វើដំណើរទៅដល់គោលដៅ ប្រកបដោយសុវត្ថិភាព ជួបជុំមិត្តញាតិដោយភាពកក់ក្តៅ និងចូលរួមរីករាយសាទរទាំងអស់គ្នា ដើម្បីទទួលអំណរឆ្នាំថ្មី ប្រកបដោយសទ្ធាជ្រះថ្លា។

សូមបញ្ជាក់ថា ខេត្តក្រុងទាំង១៥ដែលរថយន្ត GANZBERG UBER BUS ធ្វើដំណើរទៅដល់មានដូចជា ខេត្ដស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ក្រុងព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តពោធ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តកំពង់ចាម ខេត្តត្បូងឃ្មំ ខេត្តក្រចេះ និងខេត្ដព្រៃវែង។ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវធ្វើដំណើរ ពីរាជធានី ភ្នំពេញ ឆ្ពោះទៅកាន់បណ្តាខេត្តក្រុងនានាទាំង១៥នេះ សូមអញ្ជើញមកទទួលសំបុត្រដោយឥតគិតថ្លៃ ពីស្តង់ GANZBERG  UBER BUS នៅកោះពេជ្រ ចាប់ពីថ្ងៃទី៨ ខែមេសា ម៉ោង៨ព្រឹកតទៅ និងចែកជូនរហូតអស់សំបុត្រ៕