(ភ្នំពេញ)៖ បន្ថែមលើភាពជាអ្នកឧបត្ថម្ភធំសម្រាប់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ក្រុមហ៊ុនយូនីលីវើ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅលើពិភពលោក និង ចែកចាយផលិតផលសាប៊ូកក់សក់ក្លៀរ (CLEAR) បានបន្តជំរុញលើកទឹកចិត្ត និងគាំទ្រ ដល់កីឡាករបាល់ទាត់កម្ពុជា ក្រោយពេលវិលត្រឡប់ពីការប្រកួតជាមួយនឹងប្រទេសហ្សកដានី ក្នុងកម្មវិធីពានរង្វាន់ជើងឯកអាស៊ី ២០១៩ វគ្គជំរុះជុំចុងក្រោយ ។
ក្នុងនោះសាប៊ូកក់សក់ក្លៀរ និងក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ បានទៅទទួលការវិលត្រឡប់មកវិញរបស់ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៣០មីនា ២០១៧ ដើម្បីលើកទឺកចិត្ត ក្រុមបាល់ទាត់កម្ពុជា។
គួរជម្រាបថា ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានជួបប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិហ្សកដានី ក្នុងកម្មវិធីប្រកួតដណ្ដើមពានរង្វាន់ជើងឯកអាស៊ី ឆ្នាំ២០១៨ ដោយក្នុងនោះលទ្ធផល គឺកម្ពុជា ចាញ់ ហ្សកដានី ៧ ទល់នឹង ០ ។
ក្រុមហ៊ុនយូនីលីវើ និងសាប៊ូកក់សក់ក្លៀរ បានសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងបានប្ដេជ្ញាចិត្តជួយគាំទ្រ និង លើកកម្ពស់វិស័យកីឡាបាល់ទាត់របស់កម្ពុជាឲ្យរីកចម្រើនទៅមុខ តាមរយៈការសហការរៀបចំនូវការប្រកួតមិត្តភាពអន្តរជាតិក្លៀរ ក៏ដូចជាយុទ្ធនាការ «យើងគាំទ្រកម្ពុជា» សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកម្ពុជារួមគ្នាគាំទ្រដល់វិស័យកីឡាបាល់ទាត់របស់ជាតិ ។
អ្នកនាង មិត្ត វុឌ្ឃធារី ប្រធានផ្នែកទីផ្សារផលិតផលថែរក្សាសក់ នៃក្រុមហ៊ុនយូនីលីវើរ កម្ពុជា និងឡាវ បានថ្លែងថា «មិនថាលទ្ធផលនៃការប្រកួតរបស់ក្រុមជម្រើសជាតិយ៉ាងណានោះទេ ក្រុមហ៊ុនយូនីលីវើរ និងសាប៊ូកក់សក់ក្លៀរនៅតែបន្តគាំទ្រដល់ក្រុមជម្រើសជាតិ និងកីឡាបាល់ទាត់កម្ពុជា ព្រោះការប្រកួតធំៗទាំងអស់នេះ សុទ្ធសឹងជាបទពិសោធន៍ល្អៗ សម្រាប់ក្រុមជម្រើសជាតិកម្ពុជា យកមកធ្វើជាមេរៀន ដើម្បីបានធ្វើជាមូលដ្ឋានក្នុងការអភិវឌ្ឍវិស័យកីឡារបាល់ទាត់របស់ខ្លួន ។ យើងសង្ឃឹមថា ការរួមចំណែករបស់យើង នឹងជួយជំរុញឲ្យវិស័យកីឡាបាល់ទាត់កម្ពុជា កាន់តែមានភាពរីកចម្រើនខ្លាំងឡើងៗ»។
គួរបញ្ជាក់ថា ក្លៀរ ជាសាប៊ូកក់សក់លំដាប់អន្តរជាតិ ប្រសិទ្ធភាពខ្ពស់ដើម្បីកម្ចាត់ ការពារការកកើតអង្គែ ជួយស្បែកក្បាលមានសុខភាពល្អ និងផ្ដល់ភាពស្រស់ស្រាយ៕