(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ គណបក្សសង្រ្គោះជាតិ បើកកិច្ចប្រជុំគណៈកម្មាធិការនាយកមួយ ដើម្បីរៀបចំកែសម្រួលក្បាលម៉ាស៊ីនរបស់ខ្លួនឡើងវិញ ឱ្យស្របតាមលក្ខន្តិកៈថ្មី ដែលតម្កល់ទុក និងទើបទទួលស្គាល់ដោយក្រសួងមហាផ្ទៃ។ នេះបើតាមការអះអាងរបស់ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ គណបក្សសង្រ្គោះជាតិ។

កាលពីព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ការធ្វើវិសោធនកម្មលើប្រការ៤៥ និងប្រការ៤៧ នៃលក្ខនិ្តកៈ ដែលបានអនុម័តដោយសមាជវិសាមញ្ញរបស់គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ ប៉ុន្តែក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យគណបក្សសង្រ្គោះជាតិ បន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវលក្ខនិ្តកៈថ្មីរបស់ខ្លួននេះ។

បើតាម លោក យ៉ែម បុញ្ញឫទ្ធិ,  កិច្ចប្រជុំគណៈកម្មាធិការនាយកនេះ ក្រៅពីប្រជុំពិភាក្សាអំពីការអនុវត្តតាមលក្ខន្តិកៈ គណបក្សប្រឆាំង គណបក្សប្រឆាំងក៏នឹងសម្រេចអំពីការប្រើប្រាស់ ឬមិនប្រើប្រាស់ពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលក្រសួងមហាផ្ទៃ ព្រមានផងដែរ៕